លោក បៃដិន ទទួលបានរបាយការណ៍សន្តិសុខជាតិលើកដំបូងកាលពីថ្ងៃអង្គារ

AKP ភ្នំពេញថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០​ – ក្រុមការងាររបស់លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកត្រូវបានរាយការណ៍សង្ខេបអំពីបញ្ហាសន្តិសុខជាតិកាលពីថ្ងៃអង្គារ។

សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទបាននិយាយថា «កាលពីថ្ងៃអង្គារទី ១៧ ខែវិច្ឆិកា ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ទទួលបានការធ្វើសេចក្តីរាយការណ៍ ស្តីពីសន្តិសុខជាតិ នៅទីក្រុង Wilmington រដ្ឋ Delware ដែលរួមបញ្ចូលទាំងរូបថតផងដែរ។ អនុប្រធានាធិបតីជាប់ឆ្នោត លោកស្រី Kamala Harris ក៏បានចូលរួមនៅក្នុងការរាយការណ៍នេះផងដែរ»។

កាលពីព្រឹកថ្ងៃច័ន្ទ លោក បៃដិន បានអំពាវនាវដល់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោកឲ្យធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារផ្លាស់ប្តូររបស់លោក បៃដិន ជាពិសេសទៅលើបញ្ហាសន្តិសុខជាតិ និងជំងឺរាតត្បាតមេរោគកូរ៉ូណាវីរុស។

លោក បៃដិន បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Wilmington ថា «នឹងមនុស្សជាច្រើនទៀតអាចនឹងស្លាប់ ប្រសិនបើយើងមិនសម្របសម្រួល»។

ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Robert O’Brien បាននិយាយកាលពីថ្ងៃច័ន្ទថា វាមើលទៅដូចជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន នឹងត្រូវបានប្រកាសថាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ហើយបានសន្យាថានឹងធានានូវការផ្លាស់ប្តូរការងារវិជ្ជាជីវៈសម្រាប់រដ្ឋបាលថ្មីនៅពេលដែលរឿងនោះកើតឡើង។

លោក O’Brien បានថ្លែងនៅឯវេទិកាសន្តិសុខពិភពលោកថា «ប្រសិនបើ លោក បៃដិន និងលោកស្រី ហារីស ត្រូវបានគេកំណត់ថាជាអ្នកឈ្នះ នោះអ្វីៗនឹងមើលទៅដូចជាពេលនេះចឹង។ ខ្ញុំនឹងមានការផ្លាស់ប្តូរការងារវិជ្ជាជីវៈនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ។ មិនមានសំណួរអំពីករណីនេះទេ»។

បណ្តាញសារព័ត៌មានធំៗរបស់អាម៉េរិកបានព្យាករថា លោក បៃដិន ជាអ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ។ ប្រធានាធិបតីអាម៉េរិកដែលកំពុងកាន់អំណាច លោក ដូណាល់ ត្រាំ បានជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតនេះ ដោយអះអាងថា មានការលួចបន្លំ និងមិនត្រឹមត្រូវ ខណៈដែលលោកទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ និងបានដាក់ពាក្យបណ្តឹងតាមច្បាប់ផងដែរ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)