រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកអាចផ្លាស់ប្តូរការអនុវត្តរបស់លោក ត្រាំ ចំពោះដកកងទ័ពពីប្រទេសអាឡឺម៉ង់

AKP ភ្នំពេញថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីក្នុងខែកក្កដា រដ្ឋបាលលោក ត្រាំ បានឈានទៅដល់ការសម្រេចកាត់បន្ថយវត្តមានយោធាអាម៉េរិកនៅក្នុងប្រទេសអាឡឺម៉ង់ឱ្យបានចំនួនពាក់កណ្តាលនៃចំនួនទាហាន ២៥.០០០នាក់ដែលបានដាក់ពង្រាយនៅទីនោះ។ ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញអំពីការអនុវត្តនេះ ដោយការបដិសេធរបស់ទីក្រុងប៊ែកឡាំងក្នុងការឆ្លើយតបទៅនឹងគោលការណ៍ស្ម័គ្រចិត្តរបស់អង្គការណាតូ ក្នុងការចំណាយ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសមួយទៅលើវិស័យការពារជាតិ។

រដ្ឋមន្រ្តីក្រសួងការពារជាតិអាឡឺម៉ង់ លោកស្រី Annegret Kramp-Karrenbauer បានលើកឡើងថា រដ្ឋបាលថ្មីនឹងចូលកាន់កាប់សេតវិមាននៅខែមករា ឆ្នាំ ២០២១ គួរតែជាឱកាសមួយដែលសហរដ្ឋអាមេរិកអាចផ្លាស់ប្តូរការសម្រេចចិត្តមុនរបស់ខ្លួនក្នុងការដកទាហានប្រហែល ៩.៥០០នាក់ចេញពីមូលដ្ឋានយោធានៅក្នុងប្រទេសអាឡឺម៉ង់។

រដ្ឋមន្រ្តីរូបនេះបាននិយាយថា «ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត យើងបានឮពីគណបក្សប្រជាធិបតេយ្យថា ពួកគេមានបំណងពិនិត្យមើលផែនការទាំងនេះជាថ្មីម្តងទៀតយ៉ាងហ្មត់ចត់។ យើងនឹងរង់ចាំមើលថា តើនេះមានន័យថា ការសម្រេចចិត្តមុននេះនឹងត្រូវបានដកហូតទាំងស្រុង ឬត្រូវបានកែតម្រូវតែនៅក្នុងផ្នែកខ្លះ»។

លោកស្រី Kramp-Karrenbauer បាននិយាយបន្តក្នុងការច្រានចោលគំនិតនៃស្វ័យភាពយុទ្ធសាស្រ្តអឺរ៉ុបដែលនៅពេលមុននេះត្រូវបានរួមដៃដោយប្រធានាធិបតីបារាំង លោក Emmanuel Macron ដោយលើកហេតុផលថា សហភាពអឺរ៉ុបនៅតែត្រូវការទាំងសម្ព័ន្ធមិត្តអាម៉េរិក និងសម្ព័ន្ធមិត្តណាតូ ដើម្បីធានាសន្តិសុខរបស់ខ្លួន។

លោកស្រីបាននិយាយថា «គំនិតនៃស្វ័យភាពយុទ្ធសាស្ត្ររបស់អឺរ៉ុប គឺស្ថិតនៅឆ្ងាយណាស់ ប្រសិនបើវាបានបណ្តុះនូវការបំភាន់ថា យើងអាចធានាបាននូវសន្តិសុខ ស្ថេរភាព និងវិបុលភាពរបស់អឺរ៉ុបដោយគ្មានអង្គការណាតូ និងសហរដ្ឋអាមេរិក»។

រដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះបានបញ្ជាក់យ៉ាងច្បាស់ទៅលើប្រធានបទនេះ ដោយកត់សម្គាល់ថា វានឹងចំណាយពេលរាប់ពាន់ឆ្នាំរបស់សហភាពអ៊ឺរ៉ុបដើម្បីប្រមូលផ្តុំនូវសព្វាវុធធម្មតា និងសព្វាវុធយុទ្ធសាស្ត្រ ដែលអង្គការណាតូ និងសហរដ្ឋអាមេរិកផ្តល់ឱ្យនាពេលបច្ចុប្បន្នសម្រាប់សុវត្ថិភាពដល់ទ្វីបនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)