ក្រុមហ៊ុនអាជីវកម្មជប៉ុនរំពឹងថា កិច្ចព្រមព្រៀង RCEP នឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគ

AKP ភ្នំពេញថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០​ – ថ្នាក់ដឹកនាំធុរកិច្ចជប៉ុនបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសជប៉ុន និងដៃគូចំនួន ១៤ប្រទេសផ្សេងទៀតកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ដោយរំពឹងថានឹងមានការជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់។

លោក Hiroaki Nakanishi ប្រធានសហព័ន្ធធុរកិច្ចជប៉ុន (Keidanren) បាននិយាយថា ការចុះហត្ថលេខានេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការឆ្ពោះទៅរកការសម្រេចបាននូវសេដ្ឋកិច្ចអន្តរជាតិដោយសេរី និងបើកចំហ នៅពេលដែលកំពុងជួបបញ្ហាប្រឈមដោយសារជំងឺរាតត្បាតកូវីដ-១៩ ។

ទន្ទឹមនឹងនេះដែរ លោក Akio Mimura ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (JCCI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារតែច្បាប់ និងការកាត់បន្ថយពន្ធ បណ្តាញផ្គត់ផ្គង់ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជប៉ុននៅអាស៊ីនឹងកាន់តែមានភាពទូលំទូលាយ ប្រសិទ្ធភាព និងភាពធន់។

កិច្ចព្រមព្រៀង RCEP ដែលគ្របដណ្តប់ប្រហែល ៤៦ភាគរយនៃពាណិជ្ជកម្មសរុបរបស់ជប៉ុននឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនជាមួយប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន និងសាធារណរដ្ឋកូរ៉េដែលជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៣ របស់ខ្លួនដែរ។

យោងតាមសារព័ត៌មានក្យូដូរបស់ជប៉ុនបានឱ្យដឹងថា ជប៉ុននឹងលុបចោលពន្ធគយចំនួន ៦១ភាគរយទៅលើការនាំចូលផលិតផលកសិកម្មពីបណ្តាប្រទេសនៅអាស៊ាន អូស្រ្តាលី និងនូវែលសេឡង់ លុបចោលពន្ធគយ ៥៦ភាគរយសម្រាប់ប្រទេសចិន និងលុបចោលពន្ធគយ ៤៩ភាគរយសម្រាប់សាធារណរដ្ឋកូរ៉េ ខណៈដែលរក្សាពន្ធគយនៅលើផលិតផល ៥ប្រភេទ គឺស្រូវ ស្រូវសាលី ផលិតផលទឹកដោះគោ ស្ករ និងសាច់គោ-សាច់ជ្រូក ដើម្បីការពារកសិករក្នុងស្រុក។

ទន្ទឹមនឹងនេះដែរ ប្រទេសចំនួន ១៤ផ្សេងទៀតនឹងកាត់បន្ថយពន្ធចំនួន ៩២ភាគរយនៃការនាំចេញឧស្សាហកម្មរបស់ជប៉ុន ដែលរួមមានគ្រឿងបន្លាស់រថយន្ត និងផលិតផលដែកថែប៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)