លេខាធិការដ្ឋាន RCEP គួរតែត្រូវបានបង្កើតឡើងដែលមានការិយាល័យកណ្តាលនៅវៀតណាម

AKP ភ្នំពេញថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០​ – លោកបណ្ឌិត Hoo Ke Ping អ្នកជំនាញម៉ាឡេស៊ីបាននិយាយថា រដ្ឋជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គួរតែបង្កើតលេខាធិការដ្ឋានមួយដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសវៀតណាម។

យោងតាមរូបលោកបានឱ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP គឺជាសមិទ្ធិផលដ៏លេចធ្លោមួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលដឹកនាំដោយប្រទេសវៀតណាម។

ជាមួយនឹងកិច្ចព្រមព្រៀងនេះ វៀតណាម និងម៉ាឡេស៊ីដែលជារដ្ឋសមាជិក នឹងមានឱកាសកាន់តែច្រើនក្នុងការនាំចេញផលិតផលរបស់ពួកគេ និងមានជម្រើសកាន់តែច្រើនក្នុងការផ្គត់ផ្គង់ទំនិញ។

ដើម្បីពន្លឿនដំណើរការផ្តល់សច្ចាប័ន អ្នកជំនាញរូបនេះបានស្នើឱ្យរដ្ឋជាសមាជិកពិចារណាទៅលើការចុះហត្ថលេខាទៅលើលេខាធិការដ្ឋាន ដូចជាអាស៊ាន ហើយទីស្នាក់ការកណ្តាលរបស់ RCEP នោះ គួរតែមានមូលដ្ឋាននៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាម។

លោកបាននិយាយបន្ថែមទៀតថា ប្រទេសវៀតណាមបានទទួលជោគជ័យក្នុងការទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ជាពិសេសនៅពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ និងភាពតានតឹងពាណិជ្ជកម្មអន្តរជាតិ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)