រដ្ឋាភិបាលថៃបានខ្ចីប្រាក់ចំនួន ១,៥ប៊ីលានដុល្លារអាម៉េរិកពីធនាគារអភិវឌ្ឍអាស៊ីដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានការរស់ឡើងវិញ

AKP ភ្នំពេញថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០​ – រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីប្រាក់ចំនួន ១,៥ប៊ីលានដុល្លារអាម៉េរិកពីធនាគារអភិវឌ្ឍអាស៊ី (ADB) ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីជំងឺកូវីដ-១៩ ។

លោក Arkhom បាននិយាយបន្ទាប់ពីការចុះហត្ថលេខានោះថា ការខ្ចីប្រាក់នេះ គឺជាផ្នែកមួយនៃព្រះរាជក្រឹត្យដើម្បីខ្ចីប្រាក់ចំនួន ១ទ្រីលានបាត ដើម្បីស្តារនីតិសម្បទា និងធ្វើឱ្យរស់ឡើងវិញនៃសេដ្ឋកិច្ចដែលកំពុងរងការវាយប្រហារដោយជំងឺកូវីដ-១៩ ។ វានឹងរួមចំណែកដល់ការអភិវឌ្ឍជាតិ និងជួយកំណត់ការរីករាលដាលនៃជំងឺនេះ។ ធនាគារ ADB នឹងគិតអត្រាការប្រាក់ចំនួន ០,៥ភាគរយ។

ក្នុងចំនួនទឹកប្រាក់ ១ទ្រីលានបាតនោះ រហូតមកដល់ពេលនេះរដ្ឋាភិបាលខ្ចីប្រាក់បានចំនួន ៣៣៨ប៊ីលានបាត ឬស្មើនឹង ៣៤ភាគរយហើយនៃចំនួនសរុប។ រដ្ឋាភិបាលកំពុងពិចារណាស្វែងរកប្រាក់កម្ចីពីស្ថាប័នបរទេសផ្សេងទៀត ព្រោះពួកគេភាគច្រើនបានផ្តល់កញ្ចប់ជំនួយសង្គ្រោះដោយសារជំងឺកូវីដ-១៩ ។

លោកបាននិយាយថា កិច្ចព្រមព្រៀងប្រាក់កម្ចីនេះនឹងគាំទ្រដល់ការអភិវឌ្ឍផ្នែកវេជ្ជសាស្ត្រ ជួយប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត និងធ្វើឱ្យសេដ្ឋកិច្ចថៃមានភាពរស់រវើកឡើងវិញ។ ធនាគារ ADB មានគោលការណ៍ផ្តល់ប្រាក់កម្ចីដល់ប្រទេសកំពុងអភិវឌ្ឍ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃរូបនេះបាននិយាយថា ប្រាក់កម្ចីនេះនឹងត្រូវចំណាយលើកត្តាចំនួន ៣ ដែលរួមមានការគាំទ្រការអនុវត្តផ្នែកវេជ្ជសាស្រ្ត និងសុខភាពសាធារណៈ ជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតដែលស្រដៀងគ្នានឹងជំនួយហិរញ្ញវត្ថុចំនួន ៥.០០០បាតក្នុងមួយខែសម្រាប់រយៈពេល ៣ខែ និងធ្វើឱ្យវិស័យសេដ្ឋកិច្ច និងសង្គមមានភាពរស់រវើកឡើងវិញ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)