អាស៊ានបង្ហាញអំពីសាមគ្គីភាព និងភាពស្អិតរមួតក្រោមការដឹកនាំជាប្រធានរបស់វៀតណាម

AKP ភ្នំពេញថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០​ – អ្នកជំនាញជនជាតិម៉ាឡេស៊ីម្នាក់បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ជាមួយនឹងលទ្ធផលជាវិជ្ជមានដែលទទួលបាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លោក Yeah Kim Leng សមាជិកជាន់ខ្ពស់ និងជាប្រធានកម្មវិធីសិក្សាសេដ្ឋកិច្ចនៅវិទ្យាស្ថាន Jeffrey Cheah សម្រាប់តំបន់អាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Sunway បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកឆ្លើយឆ្លងព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងកូឡាឡាំពួរថា «អាស៊ានបានបង្ហាញអំពីសាមគ្គីភាព និងភាពស្អិតរមួតរបស់ខ្លួនសារជាថ្មីម្តងទៀតក្នុងការប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះពហុភាគីនិយមដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)»។

លោកបាននិយាយថា កិច្ចព្រមព្រៀង RCEP គឺជាជោគជ័យដ៏គួរឱ្យកត់សម្គាល់មួយនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ក្នុងការនាំយកគំនិតដែលត្រូវបានជំរុញជាលើកដំបូងនៅឯកិច្ចប្រជុំកំពូលអាស៊ាន Bali ក្នុងឆ្នាំ ២០១១ ឱ្យក្លាយទៅជាការពិតនៅក្នុងឆ្នាំ ២០២០ ។ លោកបាននិយាយបន្ថែមថា សមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត គឺចំនួនឯកសារដែលត្រូវបានចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលនោះ ដែលជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងចំណោមប្រទេសជាសមាជិកក្នុងការដោះស្រាយបញ្ហាប្រឈម រួមមានដូចជាបញ្ហាជំងឺរាតត្បាតកូវីដ-១៩ បញ្ហាសន្តិសុខស្បៀងអាហារ និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

យោងទៅតាមលោក Yeah បានឱ្យដឹងថា ឆ្នាំ ២០២០ គឺជាឆ្នាំបញ្ហាប្រឈមបំផុតសម្រាប់ប្រទេសទាំងអស់នៅពេលពួកគេប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសេដ្ឋកិច្ចសកលលោកដែលមិនធ្លាប់មាន។ ក្នុងនាមជាប្លុកក្នុងតំបន់ អាស៊ានបានជំនះនូវវិបត្តិទាំងពីរនេះបានយ៉ាងល្អ បើទោះបីជាមានផលលំបាកដោយសារការរឹតត្បិតការធ្វើដំណើរ ការបិទព្រំដែន និងវិធានការសុខភាពដែលបានបង្កើតឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៅក្នុងប្រទេសនីមួយៗក៏ដោយ។

បលទោះបីជាមានផលលំបាកទាំងនេះក៏ដោយ ក៏ក្រោមការដឹកនាំជាប្រធានរបស់វៀតណាមអាស៊ាននៅតែបន្តឆ្ពោះទៅមុខក្នុងនាមជាអង្គភាពដ៏ស្អិតរមួតមួយនៃការឆ្លើយតបរួមគ្នាសម្រាប់បញ្ហាប្រឈមជាច្រើននៅក្នុងតំបន់ និងចៀសវាងការធ្លាក់ចុះអវិជ្ជមានពីភាពតានតឹងពាណិជ្ជកម្ម និងគូប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងបន្តកើតមានរវាងមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)