ប្រទេសវៀតណាមធ្វើជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន

AKP ភ្នំពេញថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM) ត្រូវបានធ្វើឡើងតាមរយៈសន្និសិទវីដេអូ ក្រោមអធិបតីភាពអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន ADSOM នៃប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Nguyen Chi Vinh។

កិច្ចប្រជុំនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែងរវាងប្រទេសនៅអាស៊ាន និងការរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៤ (ADMM) និងកិច្ចប្រជុំ ADMM បូកលើកទី ៧។

លោក Vinh បាននិយាយថា ជំងឺកូវីដ-១៩ បានបង្កការខាតបង់សង្គមសេដ្ឋកិច្ចយ៉ាងធំធេងនៅគ្រប់ប្រទេសទាំងអស់ ប៉ុន្តែជាមួយនឹងស្មារតី «ស្អិតរមួត និងការឆ្លើយតប» សមាជិកអាស៊ានបានរក្សាកិច្ចសហប្រតិបត្តិការពហុភាគីដូចដែលបានឆ្លុះបញ្ចាំងតាមរយៈព្រឹត្តិការណ៍នយោបាយ ការទូត សេដ្ឋកិច្ច និងការពារជាតិ ជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលជាចំណុចដ៏លេចធ្លោមួយ។

ថ្លែងអំពីលទ្ធផលនៃកិច្ចប្រជុំក្រុមការងារនៃមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM WG) លោក Vinh បានអះអាងថា រាល់សកម្មភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានក្នុងឆ្នាំ ២០២០ ត្រូវបានរៀបចំប្រកបដោយជោគជ័យ បើទោះបីជាតំណាងប្រទេសមិនបានជួបប្រជុំដោយផ្ទាល់ក៏ដោយ។

លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិនៅក្នុងប្លុកនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

លោកក៏បានប្រកាសផងដែរថា កិច្ចប្រជុំ ADMM-14 និងកិច្ចប្រជុំ ADMM បូក លើកទី ៧ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញមុនដំណាច់ឆ្នាំនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)