លទ្ធផលនៃការធ្វើតេស្តលើកទី៤ របស់សម្តេចតេជោ ហ៊ុន សែន គឺ អវិជ្ជមាន

APP ថ្ងៃទី ១៨​ ខែវិច្ឆិកា ឆ្នាំ២០២០

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺល្អណាស់សម្រាប់សម្តេច និងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។

យោងតាមបណ្តេញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ នារសៀលថ្ងៃទី ១៨​ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយ គឺល្អណាស់សម្រាប់សម្តេច និងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។ ដូចនេះចាប់ពីថ្ងៃស្អែក ១៩វិច្ឆកា២០២០ សម្តេចនឹងចេញទៅធ្វើការឬ ហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆកាឡើងវិញ តែសម្តេចនៅតែមិនទាន់ឱ្យ កូននិងចៅរបស់សម្តេចមកផ្ទះរបស់សម្តេចមួយរយះ ទៀតដើម្បីធានាឱយប្រាកដថាសម្តេចគ្មាន មេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាព របស់កូនៗនិងចៅៗជាទីស្រឡាញ់។

ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត សម្តេចអាចប្រកាសជូនជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម៖

១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន
២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។

២.សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។

៣.សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។

៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។

សម្តេចតេជោ បានកើនរំលឹកចំពោះអាជ្ញាធរមូលដ្ឋានដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័កដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំឱ្យបងប្អូនឱយបន្តធ្វើចត្តាឡីស័កឱយបានត្រឹមត្រូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញ ព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។
ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត១៨០២នាក់នៅតាមរាជធានី ខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្តនិងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ ដែលបញ្ហានេះខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។
ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកា ពិតជាធំធេងនឹងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធព្រោះវាទាក់ទងដល់មនុស្សច្រើននឹងរាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន
ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាពនិងសហការណ៍ល្អយើងអាចធ្វើបានដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។
បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះក៏ដូចជាពេលកន្លងមកគឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេលនឹងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ឆ្លៀតយកឱកាសនេះ សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ានប្រឈមចំពោះជម្ងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។ សម្តេចសូមផ្ញើជូននូវការគោរពនិងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់នឹងការទទួលខុសត្រូវខ្ពស់។
សម្តេចក៍សូមអរគុណផងដែរដល់បងប្អូនដែល ជាប់ពាក់ពន្ធ័ទាំងដោយផ្ទាល់និងដោយប្រយោលដែលបានអត់ធ្មត់រស់នៅដាច់ដោយឡែករយះពេល១៤ថ្ងៃតាម ល័ក្ខខណ្ឌ័តម្រូវនៃការធ្វើចត្តាឡីសក័។

បងប្អូនជនរួមជាតិជាទីគោរព! ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាមិនមែនមានន័យថាយើងបញ្ចប់ការខិតខំដើម្បីប្រយុទ្ធជាមួយកូវីដ១៩នោះទេ ផ្ទុយទៅវិញយើងត្រូវខិតខំច្រើនជាងមុនដើម្បីទប់ស្កាត់ឃាដករលាក់មុខដែលយើងមើលមិនឃើញតាមរយៈការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ត្រូវចងចាំថា ប្រជាជនក្នុងលោកនិយាយជារួមនឹងប្រជាជនកម្ពុជានិយាយដោយឡែកស្អប់កូវីដ១៩ខ្លាំងណាស់ តែកូវីដ១៩ មិនត្រឹមតែមិនស្អប់យើងវិញនោះទេ តែវាថែមទាំងស្រឡាញ់យើងទៀតផងដែលការស្រឡាញ់របស់វាមកលើយើងនឹងធ្វើឱ្យយើងស្លាប់ឬខូចខាតសុខភាពតែប៉ុណ្ណោះ។ ត្រូវចងចាំថាការដែលកម្ពុជាមានមនុស្សឆ្លងតិចនឹងមិនមានមនុស្សស្លាប់មិនមែនមកពីយើងមានឈាមជាខ្មែរអង្គរដែលមានឈាមក្រហមពិសេសអាចប្រឆាំងជាមួយកូវីដ១៩បានដូចមនុស្សខ្លះបានអះអាងនោះទេ (សម្តេចសង្ឃឹមថាអ្នកអះអាងបែបនេះនឹងមានសេចក្តីក្លាហានពិតប្រាកដចូលទៅបំរើអ្នកកើតកូវីដ១៩ ដោយមិនមានសំភារៈការពារខ្លួន តើឆ្លងឬមិនឆ្លង? ដើម្បីបានជាប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាស្ត្រផងនឹងដើម្បីកូនខ្មែរដែលមានឈាមក្រហមពិសេសមិនបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ប្រសិនជាអាចធ្វើបានមែនអង្គការសុខភាពពិភពលោកប្រាកដជាប្រកាសទទួលស្គាល់អ្នកថាជាអ្នកវិទ្យាសាស្ត្រដ៏កំពូលគ្មានពីរក្នងលោក) ។ ឬបានមកពីការកត្តាអាកាសធាតុដែលធ្វើឱយកូវីដ១៩ មិនអាចឆ្លង ចូលបាននោះដែរ។  ជោគជ័យរបស់យើងបានមកពីការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាពនឹងសំខាន់ជាងទៀត គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តន៍នូវវិធានការណ៍ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ដែលខ្ញុំសុំយកឱកាសនេះសំដែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូប នឹងថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងសប្បុរសជនដែលបានចូលរួមជួយជាថវិកាសំភារៈដើម្បីប្រយុទ្ធជាមួយជម្ងឺដ៏កាចសាហាវនេះ។ យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឱយក្រសួងអប់រំយុវជននិងកីឡាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការគ្រប់ផ្នែកគ្រប់វិស័យវឹលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីត-១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល។

សម្តេចបានបន្ថែមថា ព្រឹត្តិការណ៍៣វិច្ឆកាបានបង្រៀនយើងបានរំលឹកយើង បានដាស់តឿនយើងនិង បានណែនាំយើងឱយមានការប្រុងប្រយ័តជានិច្ចទើបអាចយកឈ្នះលើ កូវីដ១៩បាន។ត្រូវម្ចាស់ការទប់ស្កាត់ជាមុនតាមវិធីការពារប្រសើរជាងការ ព្យាបាល។​ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕

ដោយ៖ ខៀវ យុទ្ធវង្ស