កិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៣៨ កំពុងដំណើរការ

AKP ភ្នំពេញថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៣៨ (AMEM 38) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយសម្រាប់ថ្ងៃទី ១៧ និង ១៨ ខែវិច្ឆិកា។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក Hoang Tien Dung ប្រធានមន្ទីរអគ្គិសនី និងថាមពលកកើតឡើងវិញនៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលថាមពលអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន បានសម្របសម្រួលជាមួយបណ្តាប្រទេសនានាដើម្បីព្រមព្រៀងលើខ្លឹមសារពាក់ព័ន្ធនឹងសកម្មភាពថាមពលក្នុងឆ្នាំ ២០១៩-២០២០ និងផែនការសកម្មភាពអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការថាមពល (APAEC) សម្រាប់ឆ្នាំ ២០១៦-២០២០ ក៏ដូចជាសេចក្តីព្រាង APAEC សម្រាប់ឆ្នាំ ២០២១-២០២៥ ដែលត្រូវបានពិភាក្សានៅកិច្ចប្រជុំ SOM លើកទី ៣៨ កាលពីក្នុងខែសីហា។

លោកបានកត់សម្គាល់ថា លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលថាមពលអាស៊ាន បានគាំទ្រប្រទេសវៀតណាមក្នុងការបង្កើត និងបំពេញខ្លឹមសារទាក់ទងនឹងថាមពលមុនពេលបញ្ជូនទៅកិច្ចប្រជុំ AMEM លើកទី ៣៨ ។

លោកបាននិយាយបន្តថា កិច្ចប្រជុំត្រៀមរៀបចំនេះមានគោលបំណងពិនិត្យឡើងវិញនូវបញ្ហាថាមពលសំខាន់ៗក្នុងតំបន់អាស៊ាន ជាពិសេសខ្លឹមសារ និងផែនការអនុវត្តកម្មវិធី APAEC នៅក្នុងឆ្នាំ ២០២១-២០២៥ ការស្នើសកម្មភាពសហប្រតិបត្តិការថាមពលជាមួយដៃគូអន្តរជាតិ និងការព្រមព្រៀងគ្នាទៅលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីសម្រាប់កិច្ចប្រជុំ AMEM 38។

អ្នកចូលរួមទាំងអស់បានពិនិត្យឡើងវិញនូវសកម្មភាពរបស់បណ្តាញ ក្រុម និងអង្គការនានាក្នុងក្របខ័ណ្ឌសហប្រតិបត្តិការថាមពលអាស៊ាន។

ពួកគេបានឯកភាពគ្នាទៅលើគោលដៅនៃថាមពលកកើតឡើងវិញដែលតំណាងឱ្យ ២៣ភាគរយនៃចំនួនសរុបនៅក្នុងឆ្នាំ ២០២៥ និងកាត់បន្ថយអាំងតង់ស៊ីតេថាមពលមកនៅត្រឹម ៣២ភាគរយ។

បណ្តាប្រទេសជាសមាជិកអាស៊ាននឹងបន្តកសាងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងកាត់បន្ថយអាំងតង់ស៊ីតេថាមពលនៅក្នុងតំបន់នេះដល់ឆ្នាំ ២០៣០ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)