ធនាគារអភិវឌ្ឍអាស៊ីជួយសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍឱ្យទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩

AKP ភ្នំពេញថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០​ – ធនាគារអភិវឌ្ឍអាស៊ី (ADB) បានត្រៀមថវិកាចំនួន ២០,៣លានដុល្លារអាម៉េរិកសម្រាប់ជាជំនួយបច្ចេកទេសដើម្បីជួយដល់សមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍរបស់ខ្លួនក្នុងការទទួលបានវ៉ាក់សាំងសម្រាប់ជំងឺកូវីដ-១៩ និងបង្កើតប្រព័ន្ធដើម្បីអាចចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌ និងប្រសិទ្ធភាព។

កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ធនាគារនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា មូលនិធិនេះនឹងមានសម្រាប់សមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍរបស់ ADB ដើម្បីគាំទ្រដល់ការវាយតម្លៃប្រព័ន្ធសុខាភិបាលទាក់ទងនឹងវ៉ាក់សាំង និងការអភិវឌ្ឍផែនការត្រៀមសម្រាប់ប្រទេសទាំងនោះក្នុងការពង្រឹងសមត្ថភាពក្នុងការទទួលបាន ការណែនាំ ការដាក់ពង្រាយ ការចែកចាយ និងការត្រួតពិនិត្យវ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

សេចក្តីប្រកាសព័ត៌មាននោះបាននិយាយថា មូលនិធិនឹងជួយសមាជិកទាំងនោះក្នុងការវាយតម្លៃ និងពង្រឹងខ្សែសង្វាក់វ៉ាក់សាំងផ្តាសាយ និងភស្តុភា ការត្រួតពិនិត្យការឆ្លង ការផ្គត់ផ្គង់ និងជំនាញរបស់បុគ្គលិកសុខាភិបាល ទំនាក់ទំនងហានិភ័យ និងទិន្នន័យជាក់ស្តែងក្នុងការតាមដាន។ ជំនួយបច្ចេកទេសក៏នឹងគាំទ្រដល់ការកំណត់អត្តសញ្ញាណ និងការលើកកម្ពស់ខ្សែសង្វាក់ប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាតាមដានវ៉ាក់សាំង។

អគ្គនាយកផ្នែកការអភិវឌ្ឍប្រកបដោយចីរភាព និងបម្រែបម្រួលអាកាសធាតុរបស់ធនាគារADB លោក Woochong Um បាននិយាយថា តំបន់អាស៊ី និងប៉ាស៊ីហ្វិក បានធ្វើយ៉ាងល្អដើម្បីកំណត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ការធានាក្នុងការទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាព ប្រសិទ្ធិភាព និងសមធម៌ គឺជាការងារបន្ទាប់ដែលត្រូវធ្វើក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

លោក Woochong Um បាននិយាយថា «ជាមួយនឹងធនធានជំនួយបន្ថែមទាំងនេះ ធនាគារ ADB អាចគាំទ្រសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍរបស់យើងឱ្យចាត់វិធានការបន្ទាន់ រួមទាំងការវាយតម្លៃប្រព័ន្ធវ៉ាក់សាំង និងយុទ្ធសាស្រ្តចែកចាយវ៉ាក់សាំង ដើម្បីធានាថាវ៉ាក់សាំងទាំងនោះត្រូវបានផ្តល់ឱ្យប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌។

ធនាគារ ADB បានរំពឹងក្នុងការអនុវត្តជំនួយបច្ចេកទេសជាមួយដៃគូរបស់ខ្លួន គឺអង្គការយូនីសេហ្វ (UNICEF) និងអង្គការសុខភាពពិភពលោក (WHO) ដោយមានការសម្របសម្រួលជាមួយក្រុមហ៊ុន COVAX ក្រុមហ៊ុន Gavi ធនាគារពិភពលោក (WB) ទីភ្នាក់ងារទ្វេភាគី និងស្ថាប័នដទៃទៀត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)