ប្រទេសចិនថ្កោលទោសចំពោះការហាមប្រាមរបស់អាម៉េរិកទៅលើភាគហ៊ុនដែលពាក់ព័ន្ធនឹងយោធារបស់ចិន ដោយថាវាជាការប្រកួតប្រជែងមិនស្មោះត្រង់

AKP ភ្នំពេញថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីថ្ងៃចន្ទ ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនប្រឆាំងនឹងសម្ពាធដែលសហរដ្ឋអាមេរិកបានដាក់ទៅលើក្រុមហ៊ុនចិនដោយកាត់បន្ថយការវិនិយោគរបស់សហរដ្ឋអាមេរិកក្រោមលេសនៃសន្តិសុខជាតិ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ភាគីចិនបានបង្ហាញជំហរច្បាស់លាស់របស់ខ្លួនម្តងហើយម្តងទៀតទាក់ទងនឹងសម្ពាធគ្មានមូលដ្ឋានដែលបានដាក់ដោយសហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនចិន។ សហរដ្ឋអាមេរិកកំពុងព្រងើយកន្តើយនឹងអង្គហេតុ។ ការទទួលស្គាល់ក្រុមហ៊ុនចិនមួយចំនួនដែលគ្រប់គ្រងដោយយោធាមិនមានភ័ស្តុតាងណាមួយនៅពីក្រោយវា និងមិនបានឆ្លើយតបទៅនឹងទ្រឹស្តីច្បាប់ទេ។ ភាគីចិនប្រឆាំងដាច់ខាតចំពោះរឿងនេះ»។

ក្រសួងពាណិជ្ជកម្មចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍នៃការប្រកួតប្រជែងទីផ្សារ និងពាណិជ្ជកម្មអន្តរជាតិ ដោយបាននិយាយថា «ប្រជាជនមួយចំនួននៅសហរដ្ឋអាមេរិកបានប្រើប្រាស់រាល់ឱកាសដើម្បីប្រើលេសសន្តិសុខជាតិដើម្បីរារាំងវិនិយោគិនអាម៉េរិកដែលចង់ចូលទៅក្នុងទីផ្សារប្រទេសចិន»។

ក្រសួងនេះបានអំពាវនាវឱ្យអាជ្ញាធរអាម៉េរិក «បញ្ឈប់សម្ពាធដែលមិនសមហេតុផលចំពោះក្រុមហ៊ុនចិន ហើយបង្កើតបរិយាកាសយុត្តិធម៌ និងមិនរើសអើង»។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយហាមប្រាមពលរដ្ឋ និងក្រុមហ៊ុនអាម៉េរិកពីការទិញមូលប័ត្ររបស់ក្រុមហ៊ុនចិនដែលទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា អាចមានទំនាក់ទំនងជាមួយយោធាចិន ចាប់ពីថ្ងៃទី ១១ ខែមករាតទៅ។

យោងតាមរបាយការណ៍បានឱ្យដឹងថា រដ្ឋបាលរបស់លោក ត្រាំ កំពុងមានផែនការរឹតបន្តឹងគោលនយោបាយឆ្ពោះទៅរកប្រទេសចិនបន្ថែមទៀត មុនពេលអាណត្តិប្រធានាធិបតីរបស់លោកបញ្ចប់នៅថ្ងៃទី ២០ ខែមករា។

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)