លោក ដូណាល់ ត្រាំ ត្រៀមចាត់វិធានការប្រឆាំងនឹងប្រទេសចិនបន្ថែមទៀតក្នុងពេលឆាប់ៗនេះ

AKP ភ្នំពេញថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០​ – លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមធ្វើឱ្យមានភាពស្មុគស្មាញសម្រាប់រដ្ឋបាលរបស់លោក បៃដិន ដែលបានគ្រោងទុកដើម្បីផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកទៅលើទីក្រុងប៉េកាំងដែលត្រូវបានបង្ហាញថា ជាការឆ្លើយតបដ៏ត្រឹមត្រូវចំពោះអ្វីដែលទីក្រុងវ៉ាស៊ីនតោនហៅថា គោលនយោបាយឈ្លានពានដោយប្រទេសចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

សារព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់របស់លោក ត្រាំ ដែលដឹងច្បាស់អំពីបញ្ហានេះថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ចេញនូវគោលនយោបាយដ៏អាក្រក់ៗជាច្រើនឆ្ពោះទៅប្រទេសចិន មុនពេលលោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតចូលទៅក្នុងសេតវិមាន។

ជាពិសេស រដ្ឋបាលរបស់លោក ត្រាំ នឹងពង្រីកការដាក់ទណ្ឌកម្ម ឬការរឹតត្បិតនានាដើម្បីរួមបញ្ចូលក្រុមហ៊ុនចិន អង្គភាពរដ្ឋាភិបាល និងមន្រ្តីចិនបន្ថែមទៀតសម្រាប់អ្វីដែលគេចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិអាម៉េរិក ឬ «ជាការរំលោភសិទ្ធិមនុស្ស» នៅខេត្តស៊ីនជាំង និងហុងកុង។ មន្រ្តីរូបនោះបាននិយាយថា ទន្ទឹមនឹងនេះដែរ គេមិនរំពឹងថានឹងមានគោលនយោបាយថ្មីណាមួយទាក់ទងនឹងកោះតៃវ៉ាន់ ឬឆ្ពោះទៅស្ថានកុងស៊ុលចិននៅសហរដ្ឋអាមេរិកនោះទេ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក John Ullyot បាននិយាយថា «ដរាបណារដ្ឋាភិបាលទីក្រុងប៉េកាំងផ្លាស់ប្តូរទិសដៅ និងក្លាយជាអ្នកទទួលខុសត្រូវលើឆាកពិភពលោក ប្រធានាធិបតីអាម៉េរិកនាពេលអនាគតនឹងរកឃើញថា មានការធ្វើអត្តឃាតនយោបាយដើម្បីធ្វើឱ្យសកម្មភាពប្រវតិ្តសាស្រ្តរបស់លោកប្រធានាធិបតី ត្រាំ ប្រសើរឡើងវិញ»។

វិធានការណ៍ថ្មីនេះនឹងរួមបញ្ចូលទាំងការពង្រីកបញ្ជីឈ្មោះក្រុមហ៊ុនដែលក្រសួងការពារជាតិអាម៉េរិកជឿជាក់ថា មានជាប់ទាក់ទងនឹងយោធាចិន។ កាលពីដើមសប្តាហ៍នេះ លោកប្រធានាធិបតី ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយដែលហាមឃាត់ការទិញ ឬលក់មូលបត្រដែលជាប់ទាក់ទងនឹងយោធាចិនដែលចាប់ផ្តើមពីថ្ងៃទី ១១ ខែមករាទៅ។

កាលពីថ្ងៃច័ន្ទ ក្រសួងពាណិជ្ជកម្មចិនបានធ្វើអត្ថាធិប្បាយថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការបង្ក្រាបដែលមិនសមហេតុផលចំពោះក្រុមហ៊ុនរបស់ប្រទេសចិន។ នៅពេលមុននោះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ឈ្មោះក្រុមហ៊ុនចិនចំនួន ២៤ ដោយចោទប្រកាន់ពួកគេថា បានជួយរដ្ឋាភិបាលចិនកសាងកោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង។

បន្ថែមពីលើទៀត ទាក់ទងនឹងការដាក់ទណ្ឌកម្ម / ការរឹតត្បិតនេះ រដ្ឋបាលរបស់លោក ត្រាំ អាចតែងតាំងតួនាទីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលឱ្យមន្រ្តីដែលប្រកាន់ទស្សនៈគួរឱ្យស្អប់ខ្ពើមកាន់តែច្រើនទៅលើប្រទេសចិន បើទោះបីជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាម៉េរិក លោក John Ratcliffe នឹងបន្តដើរតួនាទីដឹកនាំនៅក្នុងទិសដៅនេះក៏ដោយ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)