កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានបញ្ចប់ដោយជោគជ័យ

AKP ភ្នំពេញថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានបញ្ចប់ដោយជោគជ័យកាលពីរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា។

ថ្លែងនៅក្នុងពិធីបិទព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាននិយាយថា មេដឹកនាំនៃបណ្តាប្រទេសនៅអាស៊ានបានពិភាក្សា និងឯកភាពគ្នាទៅលើវិធានការណ៍ដ៏តឹងតែង និងជាក់ស្តែងជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតប និងជំនះរាល់ឧបសគ្គដែលប្រឈមមុខនៅក្នុងប្លុក រួមទាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការធ្វើឱ្យសហគមន៍អាស៊ានមានភាពរឹងមាំ និងក្លាយជាស្នូលនៃតំបន់ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាជនផងដែរ។

កិច្ចប្រជុំកំពូលនេះបានឯកភាពទៅលើខ្លឹមសារសំខាន់ៗ ដូច្នេះវាបង្កើតជាកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងអាស៊ាន និងដៃគូ ព្រមទាំងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងសេរីភាវូបនីយកម្ម។

ថ្នាក់ដឹកនាំនៃប្រទេសវៀតណាមរូបនេះបាននិយាយបន្ថែមថា នៅក្នុងកិច្ចប្រជុំកំពូលទាំងនេះ មេដឹកនាំនៃប្រទេសដែលបានចូលរួមបានឈានដល់ការឯកភាពគ្នាទៅលើសេចក្តីសម្រេចសំខាន់ៗជាច្រើន រួមមានការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ផែនការពិនិត្យឡើងវិញនូវការអនុវត្តធម្មនុញ្ញអាស៊ាន និងអនុម័តសេចក្តីប្រកាសហាណូយស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ។

នៅក្នុងឱកាសនោះដែរ មេដឹកនាំនៃប្រទេសជាសមាជិកអាស៊ានបានអនុម័តយកកំណត់ហេតុអំពីអត្តសញ្ញាណអាស៊ាន និងចេញសេចក្តីប្រកាសហាណូយស្តីពីការពង្រឹងការងារសង្គមឆ្ពោះទៅសហគមន៍អាស៊ានដែលមានភាពស្អិតរមួត និងការឆ្លើយតប។ លោកបាននិយាយបន្ថែមថា កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្រ្តីអាស៊ាន បានប្រារព្ធធ្វើឡើងជាលើកដំបូង ដែលជាឱកាសដ៏មានតម្លៃសម្រាប់ស្ត្រីនៅក្នុងបណ្តាប្រទេសនៅអាស៊ានក្នុងការចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងដើម្បីកំណើនប្រកបដោយចីរភាពនៅក្នុងតំបន់។

គំនិតផ្តួចផ្តើមទាំងឡាយរបស់អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងហានិភ័យនៃជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានប្រកាស និងដាក់ឱ្យដំណើរការ ដោយក្នុងនោះរួមមានមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ការបម្រុងក្នុងតំបន់នៃការផ្គត់ផ្គង់វេជ្ជសាស្ត្រ នីតិវិធីប្រតិបតិ្តការស្តង់ដារអាស៊ានក្នុងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ ព្រមទាំងមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន។

បណ្តាមេដឹកនាំទាំងអស់ក៏បានអនុម័តផងដែរនូវក្របខ័ណ្ឌនៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន(ACRF) និងផែនការអនុវត្ត ACRF ទៅលើសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ានដើម្បីជួយប្រជាជន និងអាជីវកម្មក្នុងការជំនះនូវផលប៉ះពាល់ដោយសារជំងឺរាតត្បាត និងស្ថិរភាពសកម្មភាពសង្គមសេដ្ឋកិច្ច។

ដើម្បីបន្តពង្រីក និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយបណ្តាដៃគូ នាយករដ្ឋមន្ត្រីវៀតណាម លោក Phuc បាននិយាយថា អាស៊ានបានឯកភាពថានឹងអនុញ្ញាតឱ្យមានសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) សម្រាប់ប្រទេសកូឡុំប៊ី គុយបា និងអាហ្វ្រិកខាងត្បូង ដោយបង្កើនចំនួនប្រទេសហត្ថលេខីដល់ទៅចំនួន ៤៣ប្រទេស។

លោក Phuc បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈពេល ៨ឆ្នាំ បានបង្ហាញអំពីការប្តេជ្ញាចិត្តខ្ពស់ និងការបញ្ជាក់របស់បណ្តាប្រទេសក្នុងតំបន់ក្នុងការជំរុញការតភ្ជាប់សេដ្ឋកិច្ច និងសេរីភាវូបនីយកម្ម។

នៅក្នុងពិធីបិទព្រឹត្តិការណ៍នេះ វៀតណាមបានប្រគល់ឋានៈជាប្រធានអាស៊ានដល់ប្រទេសប្រ៊ុយណេដារូសាឡឹម ដែលនឹងធ្វើជាប្រធានរបស់ប្លុកនេះនៅក្នុងឆ្នាំ ២០២១៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)