ប្រទេសសិង្ហបុរីនឹងផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP ក្នុងពេលឆាប់ៗនេះ

AKP ភ្នំពេញថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០​ – រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Chan Chun Sing បាននិយាយថា ប្រទេសសិង្ហបុរីនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសជាសមាជិកចំនួន ១៥ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ក្នុងពេលឆាប់ៗខាងមុខនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលរៀបចំឡើងដោយប្រទេសវៀតណាមចាប់ពីថ្ងៃទី ១២-១៥ ខែវិច្ឆិកា  លោក Chan បាននិយាយថា ដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP នេះ «គឺត្រូវធ្វើបញ្ចប់ការងារដែលនៅសល់» ដោយប្រទេសហត្ថលេខីចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោករដ្ឋមន្រ្តីរូបនេះបាននិយាយថា ប្រទេសសិង្ហបូរីនឹងផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP «យ៉ាងច្បាស់» ក្នុងរយៈពេល ១២ខែបន្ទាប់។ លោកបាននិយាយថា «ខណៈដែលគ្មានពេលវេលាកំណត់ដ៏ជាក់លាក់» សម្រាប់ប្រទេសផ្សេងៗទៀត «យើងរំពឹងថា កិច្ចការនេះនឹងត្រូវបានធ្វើឱ្យបានឆាប់បំផុត ពីព្រោះខ្ញុំគិតថាប្រទេសទាំងអស់ដែលពាក់ព័ន្ធបានផ្តល់ការប្តេជ្ញាចិត្តដើម្បីពន្លឿនដំណើរការក្នុងប្រទេសរបស់ពួកគេ» ។

លោក Chan បាននិយាយថា ការអនុវត្តដំបូងនៃកិច្ចព្រមព្រៀង RCEP នឹងផ្តល់នូវឱកាសបន្ថែមទៀតដល់ពាណិជ្ជកម្មរបស់ប្រទេសសិង្ហបុរីជាមួយនឹងប្រទេសហត្ថលេខី ១៤ផ្សេងទៀតដែលមានចំនួនសរុប ៥០,៤ភាគរយ (៥១៥ប៊ីលានដុល្លារសិង្ហបុរី ឬស្មើនឹង ៣៨៧,៩ប៊ីលានដុល្លារអាម៉េរិក) នៃពាណិជ្ជកម្មសកលរបស់ប្រទេសនេះក្នុងឆ្នាំ ២០១៩ ។

លោកបានសង្កត់ធ្ងន់ថា «សម្រាប់ប្រទេសសិង្ហបុរី កិច្ចព្រមព្រៀង RCEP ផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យើងក្នុងការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងជំនះរាល់បញ្ហាប្រឈមនានានៅពេលដែលយើងបានរួចផុតពីការរាតត្បាតរួមគ្នា»។

កិច្ចព្រមព្រៀង RCEP បានបង្រួបបង្រួមកិច្ចព្រមព្រៀងដែលមានស្រាប់តូចៗដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកដែលគ្របដណ្តប់មួយភាគបីនៃពិភពលោករួមទាំងផលិតផលក្នុងស្រុកសរុប (GDP) និងចំនួនប្រជាជន។

កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាននៅពេលដែលប្រទេសនៅអាស៊ានចំនួន ៦ និងប្រទេសមិនមែនអាស៊ានចំនួន ៣ បានផ្តល់សច្ចាប័ន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)