ប្រទេសហត្ថលេខីបង្ហាញអំពីសារៈសំខាន់របស់កិច្ចព្រមព្រៀង RCEP ចំពោះវិស័យសេដ្ឋកិច្ច

AKP ភ្នំពេញថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០​ – ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានបញ្ជាក់អំពីសារៈសំខាន់របស់វាចំពោះវិស័យសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ និងសកម្មភាពពាណិជ្ជកម្ម-ការវិនិយោគក្នុងតំបន់ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា។

ការិយាល័យ Cheong Wa Dae នៃសាធារណរដ្ឋកូរ៉េបានពិពណ៌នាអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ថា ជា «លទ្ធផលដ៏សំខាន់» នៃគោលនយោបាយខាងត្បូងថ្មីរបស់រដ្ឋបាលលោក មូន ជេអ៊ីន ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងជាឱកាសសម្រាប់សាធារណរដ្ឋកូរ៉េក្នុងការក្លាយជាអំណាចសេដ្ឋកិច្ចផងដែរ។

នាថ្ងៃដដែលនោះ ថ្លែងទៅកាន់កិច្ចប្រជុំកំពូល RCEP លើកទី ៤ ដែលរៀបចំឡើងដោយប្រទេសវៀតណាម នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បាននិយាយថា ការបង្កើតកិច្ចព្រមព្រៀង RCEP មិនត្រឹមតែជាសមិទ្ធិផលដ៏លេចធ្លោនៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជ័យជំនះនៃពហុភាគីនិយម និងពាណិជ្ជកម្មសេរីផងដែរ។

លោកបណ្ឌិត Jeffrey Wilson នាយកស្រាវជ្រាវនៅមជ្ឈមណ្ឌល Perth USAsia ក្នុងប្រទេសអូស្ត្រាលីបានកត់សម្គាល់ថា កិច្ចព្រមព្រៀង RCEP នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដ៏សំខាន់បំផុតដែលមិនធ្លាប់បានចុះហត្ថលេខា និងគ្រោងផ្លាស់ប្តូរផែនទីសេដ្ឋកិច្ច និងផែនទីយុទ្ធសាស្ត្រក្នុងតំបន់។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី (Bernama) ថា កិច្ចព្រមព្រៀង RCEP នឹងដើរតួនាទីជាឧបករណ៍សំខាន់មួយសម្រាប់ការស្តារឡើងវិញនៃវិស័យសេដ្ឋកិច្ច ហើយនឹងលើកទឹកចិត្តដល់ការបើកទីផ្សារឡើងវិញខណៈដែលធានាឱ្យបាននូវបណ្តាញផ្គត់ផ្គង់ដែលមិនមានការរំខាន។

ថ្លែងទៅកាន់កិច្ចប្រជុំកំពូល RCEP លើកទី ៤ លោក Muhyiddin បាននិយាយថា កិច្ចព្រមព្រៀង RCEP មានសារៈសំខាន់ណាស់សម្រាប់ការឆ្លើយតបក្នុងតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានបំផ្លាញសេដ្ឋកិច្ចផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)