បណ្តាមេដឹកនាំបរទេសកោតសរសើរចំពោះសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់កិច្ចព្រមព្រៀង RCEP

AKP ភ្នំពេញថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០​ — នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បាននិយាយកាលពីថ្ងៃទី ១៥ ខែវិច្ឆិកាថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានរង់ចាំជាយូរមកហើយនោះ បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នារបស់តំបន់ក្នុងការបើកចំហរវិស័យពាណិជ្ជកម្ម និងការវិនិយោគ ទោះបីជាមានបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ ក៏ដោយ។

លោក Marrison បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គោលនយោបាយពាណិជ្ជកម្មរបស់យើង គឺគាំទ្រដល់ការងាររបស់អូស្ត្រាលី ជំរុញឱកាសនាំចេញ និងធានាឱ្យមានតំបន់បើកចំហដែលមានខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែខ្លាំង។ កិច្ចព្រមព្រៀង RCEP កសាងនូវភាពជោគជ័យនៃពាណិជ្ជកម្មរបស់យើង និងជាដំណឹងល្អសម្រាប់អាជីវកម្មអូស្ត្រាលី»។

លោកបានសង្កត់ធ្ងន់ថា ជាមួយនឹងការងារមួយក្នុងចំណោមការងារចំនួន ៥ របស់អូស្រ្តាលីដែលពឹងផ្អែកលើពាណិជ្ជកម្ម កិច្ចព្រមព្រៀង RCEP នឹងមានសារៈសំខាន់ណាស់នៅពេលដែលប្រទេសអូស្ត្រាលី និងតំបន់នេះចាប់ផ្តើមកសាងឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ។

លោកបាននិយាយបន្ថែមថា កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើតំបន់ដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក ខណៈដែលសេដ្ឋកិច្ច RCEP បន្តអភិវឌ្ឍ ហើយក្រុមស្ថិតនៅលំដាប់កណ្តាលរបស់ពួកគេមានការរីកចម្រើន នោះវានឹងបើកទ្វារថ្មីសម្រាប់កសិករ អ្នកជំនួញ និងវិនិយោគិនអូស្រ្តាលី។

នាថ្ងៃដដែលនោះដែរ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern បាននិយាយថា ការធានានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា RCEP គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រស្តារពាណិជ្ជកម្មឡើងវិញរបស់នូវែលសេឡង់។

លោកស្រីបានបញ្ជាក់ថា ការចូលរួមនៅក្នុងកិច្ចព្រមព្រៀង RCEP បានដាក់ប្រទេសនូវែលសេឡង់ក្នុងជំហរមួយដ៏ល្អបំផុត ដើម្បីស្តារឡើងវិញពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាត និងការចាប់យកឱកាសថ្មីៗសម្រាប់ការនាំចេញ និងការវិនិយោគ។

លោកស្រីបានលើកឡើងយ៉ាងច្បាស់ថា ឧស្សាហកម្ម និងការអប់រំបឋមរបស់នូវែលសេឡង់នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីកិច្ចព្រមព្រៀងនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)