ប្រទេសឡាវសាទរចំពោះការចូលរួមចំណែករបស់ប្រទេសវៀតណាមក្នុងការលើកកម្ពស់តួនាទីរបស់អាស៊ាន

AKP ភ្នំពេញថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០​ — រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក Saleusay Kommasith បានលើកឡើងអំពីតួនាទីដឹកនាំរបស់ប្រទេសវៀតណាមក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ក៏ដូចជាការរួមចំណែករបស់ប្រទេសនេះក្នុងការលើកកម្ពស់តួនាទីរបស់ប្លុកនៅលើវេទិកាថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានផ្តល់ជូនអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងវៀងចន្ទន៍កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា អ្នកការទូតឡាវរូបនេះបាននិយាយថា បើទោះបីជាមានបញ្ហាប្រឈមដ៏ខ្លាំងក្លាដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏ប្រទេសវៀតណាមបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយជោគជ័យ ក៏ដូចជាបានបញ្ចប់រាល់សំណុំគោដៅដែលបានកំណត់ទាំងអស់ក្នុងនាជាប្រធានអាស៊ាន។

លោកបាននិយាយថា ឯកសារកំណត់ត្រាចំនួន ៨០ ត្រូវបានអនុម័ត និងប្រកាសនៅឯកិច្ចប្រជុំកំពូលនោះ ដែលជាឧទាហរណ៍នៃការបង្ហាញយ៉ាងច្បាស់អំពីសមត្ថភាពរបស់ប្រទេសវៀតណាម។

លោករដ្ឋមន្ត្រីរូបនេះបានពណ៌នាអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាលទ្ធផលចុងក្រោយនៃកិច្ចប្រជុំកំពូល ដោយក្នុងនោះ ប្រទេសវៀតណាមបានចូលរួមវិភាគទានយ៉ាងធំធេងដល់ស្ថាប័ន ការពិគ្រោះយោបល់ និងការសម្របសម្រួលជាមួយប្រទេសហត្ថលេខីផ្សេងៗទៀត។

លោកបាននិយាយថា ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ-១៩ កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅលើពិភពលោក អាស៊ានបានធ្វើការងារយ៉ាងល្អក្នុងការបង្ការ និងការត្រួតពិនិត្យជំងឺនេះក្រោមការដឹកនាំរបស់ប្រទេសវៀតណាម ដោយលោកបានលើកឡើងអំពីគំនិតផ្តួចផ្តើមរបស់អាស៊ាន ដូចជាការបង្កើតមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ការបម្រុងទុកក្នុងតំបន់អាស៊ាននៃការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)