រដ្ឋបាលខេត្ត​ត្បូងឃ្មុំ រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ នៅ​ស្រុក​មេមត់​

(ត្បូងឃ្មុំ) ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣ ឆ្នាំ​២០២០ នៅ​ស្រុក​មេមត់ បានធ្វើ​ឡើង ក្រោម​អធិបតីភាព ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ចេង ប៊ុណ្ណា​រ៉ា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ នៅ​បរិវេណ​វត្ត​ឧ​ត្តុ​ង​មានជ័យ ហៅ​វត្ត​ស្រែ​តា​នង​លិច ស្ថិតនៅក្នុង​ឃុំ​ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២០​។​

​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មានប្រសាសន៍ថា ៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ គឺជា​ឱកាស​ផ្តល់ជូន​ប្រជាពលរដ្ឋ​គ្រប់លំដាប់​ថ្នាក់​ក្នុងស្រុក​មេមត់ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​យោបល់ បទពិសោធន៍ និង​ពិភាក្សាគ្នា​ដោយ​លើកឡើង​នូវ​សំណួរ សំណូមពរ មតិយោបល់​ផ្ទាល់ខ្លួន​អំពី​អាទិភាព​នៃ​ការរួមចំណែក​អភិវឌ្ឍន៍​ខេត្ត​ត្បូងឃ្មុំ ប្រកបដោយ​ចីរភាព​តាមបែប​ប្រជាធិបតេយ្យ​។​

​ក្នុង​អង្គ​វេទិកា​នេះ ប្រជាពលរដ្ឋ​បាន​លើក​ជា​សំណួរ និង​សំណូមពរ​ចំនួន​៧ ដើម្បីឱ្យ​ក្រុមការងារ​ធ្វើការ​ឆ្លើយ​នឹង​សំណួរ ហើយ​ដោះស្រាយ​បញ្ហា​ដែល​ពួកគាត់​បាន​ជួបប្រទះ ដូចជា ៖១ . សាលារៀន ២.​ផ្លូវថ្នល់ ៣. អគ្គិសនី​សម្រាប់​ប្រើប្រាស់ ៤.​កុងត្រូលជជុះ​នៅតាម​បន្ទាត់​ព្រំដែន ៥.​ដី​ដាំ​ដំណាំ​នៅតាម​ព្រំដែន ៦.​កសិផល​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម និង​៧.​ទ្វារ​ទឹក នឹង​ទំនប់ទឹក ឆ្លើយតប​ទៅនឹង​សំណូមពរ មតិយោបល់ ដែលជា​កង្វល់​នានា​ទាក់ទិន​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ត្រូវបាន​ក្រុមការងារ​ថ្នាក់​ខេត្ត ពិសេស​តាម​មន្ទីរ​/​អង្គភាព​ជំនាញ​បានធ្វើការ​ឆ្លើយបំភ្លឺ​ផងដែរ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ចេង ប៊ុណ្ណា​រ៉ា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បាន​គូសបញ្ជាក់ថា​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ សម្រាប់​លើកកម្ពស់​គណនេយ្យភាព តម្លាភាព និង ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ចដំណើរការ​អភិបាលកិច្ច​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។ ឯកឧត្តម បន្តថា​រាល់​សំណួរ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បានលើកឡើង​នាពេលនេះ អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​បានធ្វើការ​កត់ត្រា​ទុក និង​ធ្វើការ​ដោះស្រាយ​បំភ្លឺ​មួយចំនួន​រួច ហើយ​ចំពោះ​បញ្ហា​នៅសល់​មួយចំនួន ឯកឧត្តម​នឹងធ្វើ​ការពិភាក្សា​ដោះស្រាយ​ជា​បន្តទៀត ។​

​ឯកឧត្តម ស៊ា​ក ឡេង និង ឯកឧត្តម ចេង ប៊ុណ្ណា​រ៉ា បានស្នើរ​ឱ្យ​មន្ត្រី​នៅ​ទូទាំង​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ តួនាទី​ភារកិច្ច​របស់ខ្លួន ដោយ​អនុវត្តន៍​ទៅតាម​លក្ខខណ្ឌ​ការងារ​ដែល​បាន​បែងចែក​កន្លងមក ម្យ៉ាងវិញទៀត កា​ដោះស្រាយ​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ គឺជា​ការទទួលខុសត្រូវ​របស់​មន្ត្រី​ជំនាញ​នីមួយៗ ជូន​ប្រជាពលរដ្ឋ​ប្រកប​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​ពិភាក្សា លើក​ឡើងជា​សំណួរ និង​ការដោះស្រាយ​ចម្ងល់​របស់​ផ្នែក​ពាក់ព័ន្ធ​នានា ក្នុងន័យ​បម្រើ​តម្រូវការ​និង​លើកកម្ពស់​ជីវភាព របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ ៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​