កម្ពុជាចាត់ទុកសេចក្ដីថ្លែងការរបស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ជុំវិញសិទ្ធិមនុស្សកម្ពុជា គឺមិនបានឆ្លុះបញ្ចាំងពីការពិតនោះឡើយ

វិទ្យុជាតិកម្ពុជា៖ លោកជួន បូណា


ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា សេចក្ដីថ្លែងការណ៍របស់លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺមិនបានសិក្សាឱ្យគ្រប់ជ្រុងជ្រោយជុំវិញសិទ្ធិមនុស្សនៅកម្ពុជាឡើយ។
ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា លោកស្រី Mary Lawlor គឺទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងចេញពីអង្គភាពពាក់ព័ន្ធនោះដែរ ដោយគ្រាន់តែជាព័ត៌មានតែមួយជ្រុងតែប៉ុណ្ណោះ។
ឯកឧត្តមបានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាមិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ ប៉ុន្តែសមត្ថកិច្ចបាន អនុវត្តច្បាប់ទៅលើអ្នកដែលប្រព្រឹត្តិបទល្មើស ដែលបង្កឱ្យមានអសន្ដិសុខជាតិ និងប៉ះពាល់ផលប្រយោជន៍សាធារណៈ។
សំឡេង«សមត្ថកិច្ចអនុវត្ដច្បាប់ទៅលើអ្នកដែលប្រព្រឹត្តិបទល្មើសតែប៉ុណ្ណោះ គឺមានការឃុំខ្លួន ការឃាត់ខ្លួន បន្ដនីតិវិធីតាមផ្លូវតុលាការ គឺអ្នកដែលប្រព្រឹត្តិបទល្មើស ចឹងមិនថាអ្នកហ្នឹងជាអ្នកការពារសិទ្ធិមនុស្ស សកម្មជន ឬមិនសកម្មជននោះទេ ឱ្យតែមានមូលដ្ឋានច្បាប់រឹងមាំច្បាស់លាស់បញ្ជាក់ថា មានប្រព្រឹត្តិបទល្មើសកើតឡើង អ្នកទាំងនោះត្រូវទទួលទោសតាមផ្លូវច្បាប់ដូចៗគ្នា»។
ឯកឧត្តមបានអំពាវនាវឱ្យអង្គការសង្គមស៊ីវិលត្រូវការធ្វើសកម្មភាពការពារសិទ្ធិមនុស្ស គឺត្រូវអនុវត្ដតាមច្បាប់ជាធរមាន មិនបំពានសិទ្ធិសេរីភាពរបស់អ្នកដទៃ និងកុំឱ្យប៉ះពាល់ផលប្រយោជន៍សាធារណៈរបស់កម្ពុជា៕