ថ្ងៃនេះ សម្តេចតេជោ ធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤

APP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងរដ្ឋមន្ត្រី និងអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» នឹងធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី៣ ដើម្បីឱ្យមានភាពច្បាស់លាស់ថាមានឆ្លង ឬមិនឆ្លងជំងឺកូវីដ១៩។

សូមបញ្ជាក់ផងដែរថា ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោលនោះ។

ចំណែកឯសម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ត្រូវបានធ្វើតេស្តនៅតាមទីតាំងធ្វើចត្តាឡីស័កនៅគេហដ្ឋាន។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោឡក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» សរុប ៣,៩១៨ វត្តុសំណាក បានធ្វើតេស្តរកមេរោគកូវីដ១៩ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា។

ក្នុងចំណោមអ្នកធ្វើតេស្តទាំងអស់នេះ មានតែ ៤នាក់ប៉ុណ្ណោះ ដែលរកឃើញមានឆ្លងមេរោគកូវីដ១៩។

ជាមួយគ្នានោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «៣វិច្ឆិកា» នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការសិក្សានៅតាមសាលារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ ដើម្បីធានាថា មិនមានការរីកសាយភាពនៃការឆ្លងជំងឺកូវីដ១៩ ក្នុងកំលុងពេលតាមដានសុខភាពអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។ រាជរដ្ឋាភិបាល ក៏បានបិទពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីផ្អាកសកម្មភាពកីឡាគ្រប់ប្រភេទនៅក្នុងពហុកីឡដ្ឋាននេះ៕ ដោយ៖ កន ចំណាន