ឯកឧត្តម លី ធុជ សំណេះសំណាល និងចែកអំណោយ ជូនដល់ជនរងគ្រោះថ្នាក់ដោយសារមីន ចំនួន៥០០គ្រួសារនៅក្រុងប៉ៃលិន

 

វិទ្យុជាតិកម្ពុជា៖ លោកគឹម ហុន

ប៉ៃលិន៖ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណសាលាខេត្តប៉ៃលិន បានរៀបចំពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន៥០០គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិន  លោកស្រី ប៊ុត រតនា នាយិកាប្រចាំប្រទេសនៃមូលនិធិ Sir Bobby Charlton ព្រមទាំងថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាពស្ថាប័ន ជុំវិញខេត្ត  អភិបាលក្រុងស្រុក និងជនពិការទូទាំងក្រុងប៉ៃលិនផងដែរ។ 

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តបានចាត់ទុក វត្តមានរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី និងសហការីនាពេលនេះ ពិតជាបាន បង្ហាញឱ្យឃើញពីមនោសញ្ចេតនាស្រឡាញ់រាប់អានរបស់មន្រ្តី ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល តែងតែស្ថិតនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ  ជាពិសេសនៅរាល់ពេលដែលប្រជាពលរដ្ឋ ជួបទុក្ខ លំបាក។  ឯកឧត្តមបន្តថា សកម្មភាពទាំងអស់នេះបានធ្វើឱ្យប្រជាពលរដ្ឋទូទៅ មានការកក់ក្តៅក្នុងអារម្មណ៍ ជឿជាក់គាំទ្រ ការពាររាជរដ្ឋាភិបាលដោយឥតងាករេ និងបានគិតថាទោះបីជាពួកគាត់នៅឆ្ងាយយ៉ាងណាក៏មិនឯកាឡើយ។  

ឯកឧត្តមបានគូសបញ្ជាក់ថា៖ កន្លងមករដ្ឋបាលខេត្ត រួមជាមួយលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តប៉ៃលិន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ព្រមទាំង សប្បុរសជនជិតឆ្ងាយទាំងអស់ បានចូលរួមជួយដោះស្រាយជាស្បៀង និងសម្ភារបរិក្ខារជូនដល់ប្រជាពលរដ្ឋរងគ្រោះទូទៅ ជាបន្តបន្ទាប់ ហើយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម គុយ សុផល ឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ក៏បាននាំព្រះរាជអំណោយព្រះករុណា        ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មកផ្តល់ជូនពលរដ្ឋរងគ្រោះនៅឃុំស្ទឹងត្រង់ផងដែរ។ 

ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីនបានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកឱ្យបងប្អូនជនពិការ ដែលរងគ្រោះថ្នាក់ដោយសារសង្រ្គាម និងគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ រងនូវទុក្ខលំបាកឡើយ ព្រោះថាជនពិការនៅ ខេត្តប៉ៃលិននេះ សុទ្ធតែជាអ្នកចូលរួមចំណែកអនុវត្តន៍ គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ដើម្បីនាំមកនូវ សុខសន្តិភាពពេញបរិបូរណ៍រហូតដល់សព្វថ្ងៃនេះ។នេះសបញ្ជាក់ឱ្យឃើញថា ជនពិការទាំងអស់មានគុណបំណាច់ ចំពោះជាតិធំធេងណាស់ ដែលពួកយើងទាំងអស់គ្នាមិនអាចបំភ្លេចគុណូបការ:នេះបានទេ។ 

គួរបញ្ជាក់ថា៖ អំណោយជាគ្រឿងឧបភោគបរិភោគដែលចែកជូនពលរដ្ឋជាជនពិការដោយសារមីនចំនួន៥០០គ្រួសារនេះ ជាអំណោយរបស់អាជ្ញាធរមីន និងមូលនិធិ Sir Bobby Charlton  ដោយមួយគ្រួសារៗទទួលបានអង្ករ ២០ គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ ០១យួរ មីម៉ាម៉ាចំនួន១កេស ត្រីខចំនួន ៥កំប៉ុង សាប៊ូចំនួន ៤ដុំ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕