ឯកឧត្តម ជិន ម៉ាលីន លើកឡើងពីការប្រៀបធៀប នៃទិដ្ឋភាពច្បាប់ និងការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យនៅអាមេរិក និងកម្ពុជា

(ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានលើកឡើង ពីការប្រៀបធៀបអំពីទិដ្ឋភាពច្បាប់ និងការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យនៅអាមេរិក និងកម្ពុជា។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យខាងលើ បានគូសបញ្ជាក់ថា ជាគោលការណ៍ច្បាប់ទាំងនៅអាមេរិកនិងកម្ពុជា បុគ្គលគ្រប់រូបមានសិទ្ធិតាមដាននិងឃ្លាំមើលដំណើរការនីតិវិធីតុលាការនិងដំណើរការប្រព្រឹត្តទៅនៃសវនាការដែលធ្វើជាសាធារណៈ តែមិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលជាការជ្រៀតជ្រែកនិងដាក់សម្ពាធដល់តុលាការដែលជាស្ថាប័នឯករាជ្យនោះទេ។

ឯកឧត្តមបានបន្តថា ក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ ទាំងនៅអាមេរិកនិងកម្ពុជា ជាកត្តាសត្យានុម័ត តែកាលណាមានអំពើល្មើសច្បា់ប់និងបទល្មើសកើនឡើង សំណុំរឿងបញ្ជូនទៅតុលាការ ក៏វាកើនឡើងទៅតាមនោះដែរ ដែលនាំឱ្យមានលំហូរនិងដំណើរការនីតិវិធីតុលាការជាប់ជាប្រចាំ ដូចជាការចេញដីការ និងនីតិវិធីនៃការចោទប្រកាន់និងស៊ើបសួរ ជាដើម ។ល។

ឯកឧត្តម ជិន ម៉ាលីន បានគូសបញ្ជាក់ថា ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាក៏ដូចជាអាមេរិក គឺមានការធានានូវសិទ្ធិសេរីភាពនៃការជួបជុំ តវ៉ា និងសម្តែងមតិ តែក៏បានបញ្ញត្តិដូចគ្នាផងដែរថា ការអនុវត្តសិទ្ធិសេរីភាពទាំងនោះគឺត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់។

អ្នកនាំពាក្យខាងលើ បានបញ្ជាក់ទៀតថា ទាំងនៅអាមេរិកនិងកម្ពុជា សកម្មភាពដែលជាការបំពានច្បាប់ បំពានសិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យ និងធានាដោយរដ្ឋធម្មនុញ្ញនោះទេ តែវាជាអំពើល្មើសច្បាប់ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ហើយពួកគេមានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ក្នុងដំណើរការនីតិវិធីរបស់តុលាការ មិនមែនធ្វើការជួបជុំគ្នាតវ៉ាដាក់សម្ពាធដល់តុលាការ ដែលជាស្ថាប័នឯករាជ្យនោះទេ៕ ដោយ៖ កន ចំណាន