លោក ដូណាល់ ត្រាំ មិនព្រមចុះចាញ់សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាម៉េរិក

AKP ភ្នំពេញថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០​ — ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា លោកនឹងមិនចុះចាញ់សម្រាប់ការបោះឆ្នោតកាលពីថ្ងៃទី ៣ ខែវិច្ឆិកា នោះទេ ហើយលោកបាននិយាយថា បេក្ខជនមកពីប្រជាធិបតេយ្យ លោក ចូ បៃដិន បានឈ្នះតែនៅក្នុងក្រសែភ្នែករបស់ក្រុមសារព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា «លោក បៃដិន ឈ្នះតែនៅក្នុងក្រសែភ្នែករបស់សារព័ត៌មានក្លែងក្លាយប៉ុណ្ណោះ។ ខ្ញុំគ្មានអ្វីដែលត្រូវចាញ់នោះទេ! យើងត្រូវដើរនៅលើផ្លូវវែងឆ្ងាយទៀត។ នោះ គឺជាការបោះឆ្នោតដែលបន្លំ!»។

នៅពេលមុននេះ លោក ត្រាំ បាននិយាយថា លោក បៃដិន បានឈ្នះដោយសារតែការបោះឆ្នោតត្រូវបានបន្លំ។ ពាក្យសម្តីរបស់លោកត្រូវបានវាយតម្លៃដោយប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិកជាច្រើនថា លោកបានទទួលស្គាល់ចំពោះជ័យជម្នះរបស់បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យហើយ។

បណ្តាញសង្គម Twitter បានធ្វើការកត់សម្គាល់ចំពោះការបង្ហោះរបស់លោក ត្រាំ ថា «ការអះអាងអំពីការលួចបន្លំសន្លឹកឆ្នោតត្រូវបានជំទាស់»។

ទោះជាយ៉ាងណា កាលពីថ្ងៃសុក្រ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះបាននិយាយថា «អ្នកណាដឹង» ថា នរណានឹងដឹកនាំរដ្ឋបាលនាពេលអនាគត៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)