នាយករដ្ឋមន្ត្រីសិង្ហបុរីទទូចដល់អូស្រ្តាលី និងនូវែលសេឡង់ ឱ្យធ្វើការជាមួយអាស៊ានដើម្បីបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ

AKP ភ្នំពេញថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០​ — នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានអំពាវនាវឲ្យ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ធ្វើការងារជាមួយបណ្តាប្រទេសនៅអាស៊ានក្នុងការបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ។

លោក Lee បានធ្វើការអំពាវនាវដូចនេះនៅពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន – អូស្រ្តាលីប្រចាំឆ្នាំលើកទី ២ និងកិច្ចប្រជុំកំពូលអាស៊ាន – នូវែលសេឡង់ ដែលបានធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ដោយលោកបាននិយាយថា ការធ្វើបែបនេះនឹងជួយសម្រួលដល់ការចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញនៅពេលដែលការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ មានស្ថេរភាព។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន – អូស្រ្តាលី លោកបានបញ្ជាក់ថា ការបើកឡើងវិញនូវព្រំដែនប្រកបដោយសុវត្ថភាពនឹងជួយសម្រួលដល់ការចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញ និងជាសញ្ញាសម្គាល់នូវទំនុកចិត្តដ៏សំខាន់សម្រាប់ប្រជាជន និងក្រុមហ៊ុនអាជីវកម្មរបស់បណ្តាប្រទេសនានា។

លោក Lee ក៏បាននិយាយផងដែរនូវការគាំទ្ររបស់អូស្រ្តាលីចំពោះផែនការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងផែនការស្តារឡើងវិញរបស់អាស៊ាន ដូចជាការចូលរួមវិភាគទានដល់មូលនិធិឆ្លើយតបរបស់អាស៊ានទៅនឹងជំងឺកូវីដ-១៩ គំនិតផ្តួចផ្តើមផ្សេងៗទៀតនៅក្នុងវិស័យសន្តិសុខសុខភាព ការស្តារឡើងវិញ និងស្ថេរភាពនៃវិស័យសេដ្ឋកិច្ច និងតាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍអាស៊ាន – អូស្ត្រាលីដំណាក់កាលទី ២ ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន – នូវែលសេឡង់ លោកបាននិយាយថា បណ្តាប្រទេសនានាត្រូវធ្វើការរួមគ្នាដើម្បីធានានូវការផ្គត់ផ្គង់ប្រកបដោយសមធម៌ ប្រសិទ្ធិភាព និងនិរន្តរភាពសម្រាប់ការព្យាបាល និងវ៉ាក់សាំងការពារ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធ្វើឱ្យស្ថានភាពនៃការរស់នៅធម្មតាបែបថ្មីអាចងើបចេញពីជំងឺរាតត្បាតនេះបាន។

លោកក៏បានអំពាវនាវផងដែរឱ្យមានកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ និងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងក្នុងការស្តារសេដ្ឋកិច្ចឡើងវិញដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធច្បាប់ដែលមានខ្សែសង្វាក់ផ្គត់ផ្គង់បើកចំហ។

នៅក្នុងសុន្ទរកថារបស់លោក លោក Lee បាននិយាយថា ទំនាក់ទំនងរវាងអាស៊ាន – នូវែលសេឡង់មានការរីកចម្រើនជាលំដាប់ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)