កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់លើកទី ៤ ត្រូវបានធ្វើឡើង

AKP ភ្នំពេញថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី ៤ ត្រូវបានធ្វើឡើងតាមទម្រង់និម្មិត។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំនោះរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាននិយាយថា ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគក្នុងសកលលោក និងក្នុងតំបន់ រួមទាំងប្រទេសដែលចូលរួមក្នុងកិច្ចពិភាក្សាកិច្ចព្រមព្រៀង RCEP នេះផងដែរ។

លោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនានាក្នុងការដោះស្រាយបញ្ហានានានៅក្នុងកិច្ចចរចានេះ ដោយលោកបាននិយាយថា លោកពិតជារីករាយណាស់បន្ទាប់ពីរយៈពេល ៨ឆ្នាំនៃការខិតខំប្រឹងប្រែងរបស់ភាគីទាំងអស់បានបញ្ចប់កិច្ចចរចារយ៉ាងពេញលេញដែលអាចធ្វើឱ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លោកបាននិយាយថា សេដ្ឋកិច្ចសកលលោក និងក្នុងតំបន់ មិនត្រឹមតែកំពុងប្រឈមមុខនឹងឧបសគ្គ និងបញ្ហាធំៗដែលបង្កឡើងដោយជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងប្រឈមនឹងការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោកផងដែរ។

ដូច្នេះ ការបញ្ចប់កិច្ចចរចារនៃកិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេនៅលើពិភពលោក នឹងក្លាយជាការផ្ញើសារដ៏រឹងមាំមួយនៃតួនាទីនាំមុខគេរបស់អាស៊ានក្នុងការគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជួយបង្កើតរចនាសម្ព័ន្ធពាណិជ្ជកម្មថ្មីនៅក្នុងតំបន់ ជួយសម្រួលដល់ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានការរំខាន និងគាំទ្រដល់ការស្តារឡើងវិញក្រោយជំងឺឆ្លងរាលដាល។

ដោយមានការផ្តួចផ្តើមគំនិតដោយអាស៊ាន ទើបមានកិច្ចព្រមព្រៀងរវាងរដ្ឋជាសមាជិកទាំង ១០ នៃអាស៊ាន ដែលមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូរបស់ប្លុកនេះ ដែលរួមមានចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់នេះឡើង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)