ប្រទេសឥណ្ឌូណេស៊ីស្នើឱ្យប្រទេសអាស៊ានបូក ៣ បង្កើតយន្តការសន្តិសុខសុខភាពរួមគ្នា

AKP ភ្នំពេញថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០​ — ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានអំពាវនាវដល់បណ្តាប្រទេសអាស៊ានបូក ៣ រួមទាំងសមាជិកអាស៊ានចំនួន ១០ និងចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ឱ្យដើម្បីបង្កើតយន្តការសន្តិសុខសុខភាពរួមមួយដើម្បីទប់ទល់នឹងជំងឺរាតត្បាតនាពេលអនាគត។

ថ្លែងទៅកាន់កិច្ចប្រជុំកំពូលអាស៊ានបូក ៣ លើកទី ២៣ ដែលបានធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា លោក វីដូដូ បានចែករំលែកទស្សនៈរបស់លោកទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងយន្តការស្តារវិស័យសុខភាពឡើងវិញដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខភាពនៅថ្នាក់ជាតិ។

លោកបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបង្កើនការវិនិយោគ ក្នុងការធានាបាននូវការទទួលបានសេវាសុខភាពជាមួយនឹងតម្លៃសមរម្យដើម្បីលើកកម្ពស់សមត្ថភាពស្តារឡើងវិញរបស់សហគមន៍ និងការត្រៀមខ្លួនសម្រាប់ភាពបន្ទាន់ក្នុងវិស័យសុខភាពសាធារណៈ។

មេដឹកនាំឥណ្ឌូណេស៊ីរូបនេះបានស្នើឱ្យបង្កើតបច្ចេកវិទ្យាសុខភាពឌីជីថល ដែលជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធសុខភាពសាធារណៈ ដោយលោកបាននិយាយបន្ថែមថា ការរីករាលដាលនៃជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះបានបង្ហាញអំពីសារៈសំខាន់នៃប្រព័ន្ធសុខាភិបាលក្នុងតំបន់ដ៏រឹងមាំមួយនៅក្នុងឧបករណ៍ ឱសថ សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំង។

លោកក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ដើម្បីរៀបចំក្របខ័ណ្ឌទូលំទូលាយក្នុងតំបន់ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត និងបានលើកឡើងអំពីការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់សុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមានផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)