នាយករដ្ឋមន្ត្រីសិង្ហបុរីស្នើឡើងនូវចំណុចចំនួន ៣ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ EAS

AKP ភ្នំពេញថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០​ — ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥ (EAS) ដែលរៀបចំឡើងដោយប្រទេសវៀតណាមកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានដាក់ចេញនូវចំណុចចំនួន ៣ ជាលើកទីបួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនានា។

ចំណុចទាំង ៣ នោះ រួមមានការលើកកម្ពស់ពហុភាគីនិយមសម្រាប់វ៉ាក់សាំង ការចែករំលែកបច្ចេកវិទ្យា និងការគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញសម្រាប់គ្នាទៅវិញទៅមក។

លោកបានបញ្ជាក់សារជាថ្មីថា គ្មានប្រទេសណាមួយអាចដោះស្រាយវិបត្តិនេះដោយម្នាក់ឯងបានទេ ដោយលោកបាននិយាយបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងសមូហភាពរួមប្រកបដោយប្រសិទ្ធភាព ប្រទេសនានាត្រូវធ្វើការងារជាមួយគ្នាក្នុងបរិយាកាសយុទ្ធសាស្ត្រអំណោយផល និងតាមរយៈស្ថាបត្យកម្មក្នុងតំបន់ដែលជួយជំរុញសន្តិភាព និងស្ថិរភាព។

លោក Lee បានកត់សម្គាល់ថា ការផលិតវ៉ាក់សាំងដែលកំពុងដំណើរការ គឺជាផ្នែកមួយនៃដំណោះស្រាយឆ្ពោះទៅរកការជាសះស្បើយឡើងវិញ ហើយភាគច្រើននៃប្រទេសដែលផលិតវ៉ាក់សាំងជំងឹកូវីដ-១៩ ដែលឈានមុខគេ គឺជាប្រទេសសមាជិក EAS ។

លោកបានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងអស់នឹងធ្វើការរួមគ្នាដើម្បីទទួលបានការផ្គត់ផ្គង់ដោយសមធម៌ មានស្ថេរភាព និងមានតម្លៃសមរម្យសម្រាប់ការព្យាបាល និងវ៉ាក់សាំងការពារ។

លើសពីនេះទៀត នាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះបានអំពាវនាវដល់សមាជិក EAS ឱ្យធ្វើការចែករំលែកដំណោះស្រាយបច្ចេកវិទ្យាច្នៃប្រឌិតថ្មីសម្រាប់ការទំនាក់ទំនង និងកែលម្អការធ្វើតេស្ត។

លោកក៏បានលើកទឹកចិត្តសមាជិកទាំងនោះឱ្យធ្វើការរួមគ្នាដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលវែងដោយសារជំងឺរាតត្បាតនេះទៅលើប្រជាជន និងអាជីវកម្មរបស់ពួកគេផងដែរ។

លោកបានកត់សម្គាល់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែល ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា នឹងជំរុញទំនុកចិត្តអាជីវកម្ម និងការស្តារឡើងវិញតាមរយៈការចូលទៅកាន់ទីផ្សារ វិធានការសម្របសម្រួលពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ និងការពង្រីកការប្តេជ្ញាចិត្តនៅក្នុងវិស័យមួយចំនួន ដូចជាវិស័យពាណិជ្ជកម្មអេឡិចត្រូនិច និងកម្មសិទ្ធិបញ្ញាជាដើម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)