សម្តេចតេជោទទួល លទ្ធផលអវិជ្ជមាន នៅថ្ងៃធ្វើតេស្តរកវីរុស កូវីដ១៩ លើកទី៣

APP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០-

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅលើបណ្តញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានលទ្ធផល អវិជ្ជមាន កូវីដ-១៩ទាំងអស់ ក្រោយពីក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣ នាព្រឹកនេះ។

ជាមួយគ្នានោះ សម្តេចតេជោ នៅតែកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា ហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។

សម្តេចបានបន្តទៀតថា សម្តេចនៅតែបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលសម្តេចសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំង សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល ដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។

សម្តេចតេជោ បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបារម្ភអំពីសុខភាព និងជូនពរដល់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

គួររម្លឹកផងដែរថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងរដ្ឋមន្ត្រី និងអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» នឹងធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី៣ ដើម្បីឱ្យមានភាពច្បាស់លាស់ថាមានឆ្លង ឬមិនឆ្លងជំងឺកូវីដ១៩។

ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោលនោះ។ ដោយឡែកសម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ត្រូវបានធ្វើតេស្តនៅតាមទីតាំងធ្វើចត្តាឡីស័កនៅគេហដ្ឋាន។

យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» សរុប ២,៥៦៧នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩ គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា៕ ដោយ៖ កន ចំណាន