អាម៉េរិក បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ជាង១៧ម៉ឺននាក់ ក្នុងមួយថ្ងៃ

APP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០–

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា មួយថ្ងៃដោយគិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ មកដល់ថ្ងៃទី១៤នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៧៧,៧៧២នាក់ និងអ្នកជំងឺចំនួន ១,៣៦៥នាក់ បានស្លាប់។

សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារានៃអត្រាអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានអ្នកឆ្លងសរុប ១១,០៥៨,៣០៨, និងជិត ២៥ម៉ឺននាក់ស្លាប់។

គួររម្លឹកផងដែរថា កាលពីម្សិលមិញនេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៥០,៧០៣នាក់ និងអ្នកជំងឺជាង ១ពាន់នាក់ បានស្លាប់។

ដោយឡែក គិតត្រឹមម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គេហទំព័រដដែលខាងលើ បានបញ្ជាក់ថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៥៣,៧២១,៣៨៩ករណី ហើយក្នុងនោះមនុស្សសរុប ១,៣០៨,៤៨៣នាក់ស្លាប់ និងជាង ៣៧លាននាក់ បានជាសះស្បើយឡើងវិញ។

ពោលគឺត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតត្រឹមព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា មកដល់ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២នេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៦៤៥,៦៦១ករណី និងមានមនុស្សជិត ១ម៉ឺននាកស្លាប់។

សូមបញ្ជាក់ផងែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕

ដោយ៖ កន ចំណាន