សហព័ន្ធស្រូវអង្ករអំពាវនាវកសិករ ត្រូវបង្កើនប្រសិទ្ធភាពក្នុងការដាំដុះ ដើម្បីទទួលបានបរិមាណនិងគុណភាពខ្ពស់ សម្រាប់នាំចេញ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ


ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាកសិករដែលដាំដុះដំណាំស្រូវ សម្រាប់នាំចេញទៅក្រៅប្រទេស ត្រូវបង្កើនប្រសិទ្ធភាពក្នុងការដាំដុះ ដើម្បីទទួលបានបរិមាណនិងគុណភាពខ្ពស់ ស្របតាមស្តង់ដារក្នុងការនាំចេញ។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា វិស័យស្រូវអង្ករកម្ពុជាពុំមានការបាត់បង់ចំពោះការនាំចេញនោះឡើយ ពោលគឺការនាំចេញអង្កររបស់កម្ពុជា នៅតែបន្ត កើនឡើងជាបន្តបន្ទាប់។
ហេតុដូចនេះហើយ លោកបានបញ្ជាក់ថាដើម្បីឱ្យការនាំចេញកាន់តែមានការកើនឡើងបន្ថែមទៀតនោះ គឺប្រជាកសិករ ត្រូវអនុវត្តតាមបច្ចេកទេសដាំដុះឱ្យបានត្រឹមត្រូវតាមគោលការណ៍នៃកិច្ចសន្យា ខណៈអ្នកបញ្ជាទិញ គឺគេឱ្យតម្លៃទៅតាម គុណភាពស្រូវ។ លោកបញ្ជាក់ថា ស្រូវមានគុណភាព ទើបអាចធានាដល់ការនាំចេញទៅក្រៅប្រទេសបាន និងសម្រចបាន ការនាំចេញ១លានតោនត្រឹមឆ្នាំ២០២១-២០២២។
« ប្រជាកសិករទាំងអស់ ដែលដាំស្រូវសម្រាប់នាំចេញ សូមធ្វើដោយប្រយ័ត្នប្រយែងក្នុងការដាំដុះទៅតាមស្តង់ដារ ដោយសារតែយើងធ្វើនៅលើមូលដ្ឋានពីរ ដោយទី១គឺបរិមាណត្រូវតែល្អហើយលើសមុន ទី២គឺ គុណភាពស្រូវ ត្រូវតែល្អនឹងលើសមុន ដែលនេះគឺជាការងារដ៏សំខាន់របស់ប្រជាកសិករ ប្រសិនជាយើងចង់បានតម្លៃថ្លៃ ពីព្រោះអ្នកទិញគឺគេឱ្យតម្លៃថ្លៃគឺអាស្រ័យតាមគុណភាពស្រូវ »។
លោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងទៀតថា បច្នុប្បន្នទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជា គឺទៅកាន់ ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន(ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក៣៦ភាគរយ បន្ទាប់មកគឺបណ្តាប្រទេសចំនួន២៧ នៅក្នុងទ្វីបអឺរ៉ុបមានចំណែក៣២ភាគរយ ហើយទីផ្សារបន្តបន្ទាប់មានដូចជា បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ប្រទេស មានចំណែក១៣ភាគរយ, បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន១០ប្រទេស មានចំណែក៩ភាគរយ, បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីនិងអូសេអានី ជាពិសេសគឺប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់មានចំណែក៦ភាគរយ បណ្តាដែនកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង និងអាមេរិក មានចំណែក២ភាគរយ និងចុងក្រោយគឺ បណ្តាប្រទេសនៅក្នុងទ្វីបអាមេរិកខាងជើង និងប្រទេសនៅក្នុងមជ្ឈឹមបូព៌ាមានចំណែក ២ភាគរយ។
សូមបញ្ជាក់ថា យោងតាមរបាយកាណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ការនាំចេញអង្ករក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ មានចំនួន ៥៣៦,០៣៥ តោន(៥សែន៣ម៉ឺន៦ពាន់៣៥តោន) ដែលមានការកើនឡើង១៧,១១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ជាមួយគ្នានេះកម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញអង្ករទៅក្រៅប្រទេស ចំនួនជាង៣៦៦លានដុល្លារ កើនឡើងជិត៤៧លានដុល្លារ ស្មើនឹង១៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩៕