អង្ករសរីរាង្គ មានគុណប្រយោជន៍ច្រើនដល់សុខភាពអ្នកបរិភោគ

 

វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី

Mc ៖ អង្ករសរីរាង្គមានគុណប្រយោជន៍ជាច្រើនដល់សុខភាពអ្នកបរិភោគ ព្រោះការផលិតត្រូវបានគោរព ទៅតាមគោលការណ៍ធម្មជាតិ មានប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់ ចាប់តាំងពីការផលិត រហូតដល់ វេចខ្ចប់ ។

លោក អ៊ួន សុផល ប្រធានសហគមន៍រតនៈពលរដ្ឋសាមគ្គីខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការផលិតស្រូវសរីរាង្គគឺជាការគិតគូរពីបរិស្ថាន សង្គម និងនិរន្តរភាព ដោយមានការត្រួតពិនិត្យជាប្រព័ន្ធយ៉ាងហ្មត់ចត់បំផុត ចាប់តាំងពីការផលិត កែច្នៃ វេចខ្ចប់ និងការបញ្ចេញលក់ ។

លោកបានបញ្ជាក់ថា ស្រូវដែលចាត់ទុកថាជាស្រូវសរីរាង្គឬអង្ករសរីរាង្គបាន លុះត្រាតែដីស្រែ បង្កបង្កើនផលស្រូវនោះ មិន ប្រើជីគីមីរយៈពេលចាប់ពី៣ឆ្នាំឡើងទៅ ប៉ុន្តែអាចប្រើប្រាស់ជីធម្មជាតិបាន ។ បន្ថែមពីនេះទៀត គឺមិនប្រើប្រាស់ថ្នាំពុលគីមី សម្លាប់សត្វល្អិត ថ្នាំគីមីសម្លាប់ស្មៅ ថ្នាំពង្រីកដើមឬផ្លែ ពូជបំលែងសេនទិក ថ្នាំគីមីរក្សាទុកឱ្យបានយូរ ឬ ក្លិននិងកាកសំណល់ ជាពិសេសត្រូវទុកដាក់ផលិតផលសរីរាង្គដាច់ដោយឡែកពីគេ ។
លោក​ បញ្ជាក់​ថា​ «ស្រូវសរីរាង្គគឺទីមួយយើងប្រើរយៈពេល៣ឆ្នាំ ដោយធ្វើដដែលៗដោយមិនប្រើប្រាស់ជីគីមី ហើយទី២ យើងមិនឱ្យទឹកហូរចេញចូល បានន័យថាយើងការពារទឹកនៅពេលទឹកជំនន់មិនឱ្យទឹកចូល ហើយនៅពេលដែលគេបាចជី នៅស្រែជិតនេះកុំឱ្យចូល ហើយទី៣យើងប្រើជីសរីរាង្គដែលមានបញ្ជាក់គុណភាព ហើយនៅចំណុចមួយទៀត គឺយើងមានក្រុមផលិតច្បាស់លាស់ ហើយក្នុងក្រុមផលិតនោះ គឺមានការត្រួតពិនិត្យផ្ទៃក្នុងដោយមានសៀវភៅតាមដាន នៅពេលដែលគាត់ស្ទូង នៅពេលដែលគាត់ច្រូត នៅពេលដែលគាត់ដាក់ជីម្ដងៗ ហើយយើងយកសៀវភៅហ្នឹងមកពិនិត្យ តើវាសមហេតុផលឬមួយយ៉ាងណា ? ហើយនេះគឺយើងអាចចាត់ទុកថាជាប្រភេទស្រូវសរីរាង្គបានហើយ» ។

លោក វណ្ណ ស៊ីវណ្ណៈ អាជីវករលក់អង្ករសរីរាង្គនៅភូមិកោះនរា សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ បានឱ្យដឹងថា អង្ករសរីរាង្គ គឺជាអង្ករមួយប្រភេទដែលផលិតឡើងសម្រាប់សុខភាពអ្នកបរិភោគ ជាពិសេស អ្នកមានជំងឺ ព្រោះអង្ករប្រភេទនេះ មានជាតិស្ករតិចនិងមានសារធាតុចិញ្ចឹមច្រើន ។

« អង្ករសរីរាង្គនេះ បើយើងគិតពីសម្រូបយើងអាចជួយបានអ្នកដែលមានជំងឺដូចជា ជំងឺលើសឈាម លើសជាតិស្ករ ហើយនិងជំងឺស្ពឹក ដែលចាស់ៗភាគច្រើនគាត់មានជំងឺស្ពឹកដៃស្ពឹកជើង ហើយនិងជំនួយដល់ក្បាលជង្គង់ កុំឱ្យគាត់មានការឈឺសន្លាក់ ហើយអង្ករសរីរាង្គនោះ គឺជាអង្ករដែលដូចទៅនឹងអង្ករសយើងធម្មតាដែរទេ គ្រាន់តែយើង អត់មានប្រើជីគីមី គឺយើងប្រើជីធម្មជាតិសុទ្ធសាធតែម្ដង » ។

អ្នកស្រីបន្តថា ដោយសារតែអង្ករសរីរាង្គនេះសម្បូរទៅដោយគុណប្រយោជន៍ច្រើន បានធ្វើឱ្យប្រជាពល រដ្ឋមួយចំនួននិយ ក្នុងការបរិភោគ ហើយលក់ដាច់គួរសម ដោយក្នុងមួយខែអាចលក់បានចន្លោះពី១តោន ទៅ១.៥តោនដោយក្នុងមួយគីឡូក្រាម អង្ករសរីរាង្គពណ៌ស មានតម្លៃ៥ពាន់រៀលនិងពណ៌ក្រហមមានតម្លៃ ៦ពាន់រៀលក្នុងមួយគីឡូក្រាម។

សូមបញ្ជាក់ថា កម្ពុជាជាប្រទេសមួយ ដែលអំណោយផលល្អបំផុតសម្រាប់ការបង្កបង្កើនស្រូវសរីរាង្គ ព្រោះមាន អាកាសធាតុនិងដីមានជីវជាតិល្អ ព្រមទាំងមានពលរដ្ឋភាគច្រើនជាកសិករ មានដីស្រែធ្វើស្រែចម្ការ៕​