អភិបាលខេត្តកំពង់ចាម បានសម្រេចបង្រួញនីតិវិធីសេវាផ្ទេរកម្មសិទ្ធិដីធ្លី ឱ្យនៅត្រឹមរយ:ពេល៣០ថ្ងៃ

 

វិទ្យុជាតិកម្ពុជា៖  ហ៊ាង ចាន់ថា 

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចបង្រួញនីតិវិធីសេវាផ្ទេរកម្មសិទ្ធិដីធ្លីឱ្យបានរួចរាល់ ត្រឹមរយៈពេលមិនលើសពី ៣០ថ្ងៃ  ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។ 

ឯកឧត្តមអភិបាលខេត្តបានឆ្លើយតបដូច្នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី ២ អាណត្តិទី ៣ ឆ្នាំ ២០២០ នៅក្នុងបរិវេណវត្តបឹងស្នាយ ស្ថិតក្នុងឃុំសំបួរមាស ក្រុងកំពង់ចាម  បន្ទាប់ពីមានសំណើសុំផ្ទាល់មាត់ពី ប្រជាពលរដ្ឋម្នាក់ ទាក់ទងទៅនឹងបញ្ហាយឺតយ៉ាវផ្នែកសេវាផ្ទេរកម្មសិទ្ធិដីធ្លី ដែលកន្លងមក សេវាមួយនេះមានការយឺតយ៉ាវ រហូតដល់ទៅ៦ ខែទើបទទួលបានលទ្ធផលសម្រេច។ 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានឆ្លើយតបភ្លាមៗថា < បញ្ហាផ្ទេរកម្មសិទ្ធិដីធ្លីនោះ រដ្ឋបាលខេត្តបានដាក់ចេញជាគោលការណ៍រួមរួចហើយ ដើម្បីបង្រួញនីតិវិធី ធ្វើយ៉ាងណាឱ្យការផ្ទេរកម្មសិទ្ធិដីធ្លី ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ បានលឿនបំផុត ពោលមិនឱ្យលើសពី ៣០ ថ្ងៃ > ។ ឯកឧត្តមបញ្ជាក់ទៀតថា គោលការណ៍នេះធ្វើឡើង ដោយមានការឯកភាពគ្នាពីមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី និងសាខាពន្ធដារ រួមជាមួយនឹងច្រកចេញចូលតែមួយ ដោយចងក្រងបានជាសេចក្តីណែនាំមួយ បានដាក់ឆ្លងទៅក្រុមប្រឹក្សាខេត្ត ហើយខាងក្រុមប្រឹក្សាខេត្តបានអនុម័តកាលពី ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០ រួមទាំងរូបឯកឧត្តម បានចុះហត្ថលេខារួចហើយផងដែរ នៅថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២០ នេះ។ ដូច្នេះចាប់ពីពេលនេះតទៅ ការរៀបចំការទិញផ្តាច់ ផ្ទេរកម្មសិទ្ធិដីធ្លី ពីបុគ្គលមួយទៅបុគ្គលមួយ គឺមិនឱ្យលើសពី៣០ថ្ងៃនោះ ទេ ។ ប៉ុន្តែទន្ទឹមនឹងនោះ ភាគីខាងម្ចាស់ឯកសារ ត្រូវអនុវត្តន៍តាមសេចក្តីណែនាំរបស់មន្ត្រីជំនាញសុរិយោដី ដោយរៀបចំ ឯកសារឱ្យបានត្រឹមត្រូវពីដើមទីឱ្យហើយ  ព្រោះចៀសវាងឯកសារមិនគ្រប់គ្រាន់ ដែលធ្វើឱ្យមានការបញ្ជូនឯកសារនោះ ត្រលប់ទៅត្រលប់មក ជាហេតុនាំឱ្យមានការយឺតយ៉ាវ ។

សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានសមាសភាពចូលរួម ពីមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមចំនួន ១៦១ នាក់ ហើយទទួលបានសំណូមពរពីប្រជាពលរដ្ឋចំនួន១៣ចំណុច ក្នុងនោះសំណូមពរចំនួន ៧ ចំណុចបានដោះស្រាយ និងសំណូមពរចំនួន ៦ ចំណុចទៀតទុកដោះស្រាយនៅពេលក្រោយ ៕