ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តប៉ៃលិន ទទួលពូជស្រូវ និងអំណោយរបស់សម្តេចតេជោ

 

វិទ្យុជាតិកម្ពុជា៖ លោកញ៉ឹប បូរី ប៉ៃលិន 

ប៉ៃលិន៖ ប្រជាពលរដ្ឋ ៦២គ្រួសារនៅក្នុងខេត្តប៉ៃលិន ដែលដំណាំស្រូវខូចខាត ដោយសារជំនន់ទឹកភ្លៀងកន្លងមកនេះ បានទទួលពូជស្រូវ និងអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារការបង្កបង្កើនផលដំណាំស្រូវ និងបន្លែបង្ការឡើងវិញ និងសម្រួលដល់ជីវភាពរស់នៅ ដែលកំពុងជួបការលំបាកដោយ សារតែការបំផ្លាញពីគ្រោះមហន្តរាយធម្មជាតិនេះ ។

អំណោយដ៏ថ្លៃថ្លានេះត្រូវបានឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមនិងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងចែកពូជស្រូវ ព្រមទាំងអំណោយជូនពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តប៉ៃលិន ចំនួន ៦២គ្រួសារនេះ ដែលបានរៀបចំនៅស្រុកសាលាក្រៅ នាថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ សម្តេចតេជោទោះពេលនេះ មិនបានអញ្ជើញមកផ្ទាល់ក៏ដោយ ក៏សម្តេចតែងតែគិតគូរជានិច្ចដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស នោះចំពោះប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះដែលជួបការលំបាកដោយប្រការផ្សេងៗ នៅគ្រប់ទីកន្លែងទាំងអស់។

ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងជួយសម្រួល ការចាប់ផ្ដើមជីវភាពឡើងវិញ ជាពិសេសការបង្កបង្កើនផល ដោយឯកឧត្តមបានលើកទឹកចិត្ត ជំរុញឱ្យកសិករយើងត្រូវជម្នះ គ្រប់ឧបសគ្គ តស៊ូព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ និង ត្រី ឡើងវិញបន្ទាប់ពីទឹកស្រកចុះ។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជន កម្ពុជា ដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ បានប្រកាន់ខ្ជាប់នូវប្រពៃណីផ្សារភ្ជាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបាន បែងចែកការទទួលខុសត្រូវ ឱ្យមន្រ្តីចុះតាមគ្រប់មូលដ្ឋាន ដើម្បីតាមដានបញ្ហាប្រឈម សំណូមពរនានា និងដោះស្រាយ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយយើងទាំងអស់គ្នា រួមសុខរួមទុក្ខជាមួយគ្នា និងមិនមានទម្លាប់រត់ចោលគ្នា នោះទេ។

ជាមួយនោះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសុខភាព ដោយអនុវត្តន៍នូវវិធានការ ណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺរាតត្បាត ផ្សេងៗទៀត ហើយត្រូវចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការអប់រំណែនាំកូនចៅចៀសឱ្យផុតពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ 

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន មានប្រសាសន៍ឱ្យដឹងថា៖ ដំណាំកសិកម្ម ទូទាំងខេត្តប៉ៃលិន អនុវត្តន៍បានសរុបចំនួន ៦៩២០៦ ហ.ត ខូចខាតមានចំនួន ៣,៧៨៥ហ.ត ក្នុងនោះរួមមាន៖ ដំណាំស្រូវ អនុវត្តន៍បានសរុបចំនួន ៦,១៥៤ ហ.ត ខូចខាតចំនួន ៦២ហ.ត ដំណាំសាកវប្បកម្មអនុវត្តន៍បានសរុបចំនួន ១០,៩១៣ ហ.ត ខូចខាតចំនួន ៤៤ហ.ត ដំណាំឧស្សាហកម្មអនុវត្តន៍បានសរុបចំនួន ៥២,១៣៩ ហ.ត ខូចខាតចំនួន ៣,៦៧៩ហ.ត ក្នុងនោះដំណាំដំឡូងមីអនុវត្តន៍បានសរុបចំនួន ៣៩,៧៤០ ហ.ត ខូចខាតចំនួន ៣,១០៦ហ.ត ដំណាំពោតក្រហមវគ្គ២ អនុវត្តន៍បានសរុបចំនួន ៥ ៨០៥ ហ.ត ខូចខាតចំនួន ៥៧៣ហ.ត។ 

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលបានទទួលអំណោយរបស់សម្តេចតេជោ នាឱកាសនេះ មានចំនួន ៦២គ្រួសារ ដោយក្នុងមួយគ្រួសារ ៗទទួលបានពូជស្រូវសែនក្រអូបចំនួន ០៤ការ៉ុង ស្មើនឹង ១០០គីឡូក្រាម, អង្ករ ២៥គីឡូក្រាម, មី ១កេស, ឃីត ១កញ្ចប់ (កន្ទេល ១ ភួយ ១ មុង ១) ៕