លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវ ០៧ចំណុច ដល់បងប្អូនអ្នកសារព័ត៌មានពេលបំពេញការងារ

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ —

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវចំនួន ០៧ចំណុច តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ដើម្បីការពារពីការចម្លងនូវវីរុសកូវីដ-១៩ និងជំងឺឆ្លងមួយចំនួន ដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការសុខាភិបាល ឱ្យបានជាប់ជាប្រចាំ រាល់ពេលដែលបំពេញភារកិច្ច និងរាល់ពេលធ្វើដំណើរ។

វិធានការទាំង ០៧ចំណុច មានដូចខាងក្រោម៖

ទី១ ត្រូវពាក់ម៉ាសជាប់ជានិច្ច រាល់ពេលយកព័ត៌មាន និងនៅគ្រប់ពេល។
ទី២ ត្រូវឧស្សាហ៌លាងដៃជាមួយអាល់កុល ឬទឹកជែលលាងដៃ ឱ្យបានញឹកញាប់ (ត្រូវដាក់តាមខ្លួននូវដបអាល់កុល ឬទឹកជែលលាងដៃ)។
ទី៣ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងចម្ងាយយ៉ាងតិចមួយម៉ៃត្រកន្លះឡើងលើ រាល់ពេលទៅជិតបុគ្គលដែលត្រូវផ្តល់ព័ត៌មាន ឬពេលចូលទៅថតព្រឹត្តិការណ៍អ្វីមួយ។ កុំប្រជ្រៀតគ្នានៅក្នុងស្ថានភាពយកព័ត៌មានដែលចង្អៀតកកកុញ ទោះជានៅកន្លែងណាក៏ដោយ។

ទី៤ ពេលយកព័ត៌មានរួច ត្រូវសម្អាតដៃ និងសម្ភារដែលបានប្រើរួចភ្លាមៗ ជាមួយអាល់កុល ឬទឹកសម្លាប់មេរោគ។

ទី៥ ត្រូវប្រុងប្រយ័ត្នការប្រើក្បាលម៉េក្រូ មុនពេលដាក់ក្បាលម៉េក្រូឱ្យបុគ្គលម្នាក់និយាយ ដោយត្រូវសម្អាតជាមុនដោយប្រើអាល់កុល ឬទឹកសម្លាប់មេរោគ ពេលចប់ត្រូវសម្អាតម្តងទៀត។ សូមចៀសវាង ការទាញក្បាលម៉េក្រូ ដាក់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដើម្បីនិយាយព័ត៌មាន ដែលជួនកាលក៏មានការទាញយកមកនិយាយខ្លួនឯងផ្ទាល់ដែរ ដោយមិនបានជូតសម្អាតដោយប្រើអាល់កុល ឬទឹកសម្លាប់មេរោគ។

ទី៦ ប្រសិនបើលោកអ្នកមានការក្អកកណ្តាស់ ត្រូវអនុវត្តវិធានការការពារ ដោយខ្ទប់មាត់ និងច្រមុៈ ដោយម៉ាស កន្សែង ក្រម៉ា ឬក្រដាសជូតមាត់ រួចបោៈចោលក្រដាសជូតមាត់ដែលបានប្រើហើយនោះ ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ។
ទី៧ បុគ្គលដែលមានបញ្ហាសុខភាព ឬមិនសូវស្រួលខ្លួន ត្រូវសម្រាកនៅផ្ទះ (អាចធ្វើការពីផ្ទះបាន ប្រសិនបើនៅអាចធ្វើការបាន) មិនត្រូវចេញដើរទៅយកព័ត៌មាននោះឡើយ ហើយស្វែងរកការពិគ្រោះ ពិនិត្យព្យាបាល នៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក ឬហៅទៅលេខ ១១៥។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត ក៏បានជូនពរអ្នកសារព៏ត៌មានទាំងអស់នៅក្នុងប្រទេសកម្ពុជា និងត្រូវចេះការពារសុខភាព ទប់ស្កាត់ការចម្លងរោគពីបុគ្គលម្នាក់ទៅម្នាក់ និងដើម្បីកម្ពុជាចៀសផុតពីការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៌ផងដែរ៕

ដោយ ផែន រតនៈ
សម្រួលផ្សាយ៖ កន ចំណាន