លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១ ០២០ គ្រួសារ នៅខេត្តស្វាយរៀង

AKP ស្វាយរៀង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០–

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាល និងនាំពូជស្រូវចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១ ០២០ គ្រួសារ ដែលមានទីតាំងតាមបណ្ដោយមាត់ទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននំានូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសដោយចុះដល់ទីតាំងរងគ្រោះ និងបានចាត់តំណាងចូលរួមជំនួសសម្តេច។ លោកជំទាវបានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ពិតជាសោកស្តាយ ដែលមិនអាចមកចូលរួមផ្ទាល់ ប៉ុន្តែសម្តេចបានចាត់ឱ្យតំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ ដោយតាមដានការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះ ឱ្យបានទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តារឡើងវិញនេះ គឺជាកិច្ចការអាទិភាព សំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។

លោកជំទាវក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងទាំងបីប្រភេទ អាជ្ញាធរដែនដី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារពាក់ព័ន្ធ ដែលបានចូលរួមរៀបចំកម្មវិធីនេះប្រព្រឹត្តទៅបានយ៉ាងល្អ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺកូវីដ១៩ នៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការ ពារនៅឡើយទេ។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋចំនួន ១ ០២០ គ្រួសារ ដោយ ក្នុង ១គ្រួសារ ទទួលបានស្រូវពូជ ១០០ គីឡូក្រាម មី១កេស នំប៉័ង ១ដើម និងថវិកា ៥ម៉ឺនរៀល ៕


ដោយ៖ សួស សំរិត
សម្រួលផ្សាយ៖ កន​ ចំណាន