ក្លឹបភ្នំពេញក្រោន និងបឹងកេត រងពិន័យពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នំា២០២០

ក្លឹបបាល់ទាត់ភ្នំពេញក្រោន ទទួលការរងពិន័យពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជានូវទឹកប្រាក់ចំនួន២លានរៀល និងមិនអនុញ្ញាតឱ្យអ្នកទស្សនាការចូលមើលការប្រកួត ខណៈដែលបឹងកេតក៏រងពិន័យ១លានរៀល និងមិនឱ្យអ្នកទស្សនាចូលមើល១ប្រកួតដែរ នារដូវកាល ២០២១ ខាងមុខ ពេលក្រុមទាំងពីរប្រកួតគ្នា១ប្រកួតចុងក្រោយ ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០២០ កន្លងទៅ។

ក្រុមទាំងពីរ ដែលរងពិន័យនេះ ក្នុងពេលដែលភ្នំពេញក្រោនធ្វើម្ចាស់ផ្ទះប្រកួតជាមួយក្រុមបឹងកេត ដែលអ្នកគាំទ្រជេរប្រមាថអាជ្ញាកណ្ដាល និងការគ្រប់គ្រងមិនបានល្អបណ្ដាលឱ្យអ្នកគាំទ្ររត់ចូលទីលាន ដោយសារការប៉ះទង្គិចនាប្រកួតចុងក្រោយនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅកីឡដ្ឋានភ្នំពេញក្រោន។

លោក កែវ សុខងន អ្នកចាត់ការក្រុមភ្នំពេញក្រោនបានបញ្ជាក់ថា ក្លឹបនឹងកោះហៅកីឡាករទាំងអស់ និងក្រុមការងារទាំងអស់ ដើម្បីប្រជុំពិភាក្សានិងដោះស្រាយ លើបញ្ហាពិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ លោកបានបន្ដថា ពេលនេះកីឡាករ និងក្រុមការងារកំពុងជាប់លំហែកាយ អ្នកខ្លះទៅស្រុកកំណើត ដោយសារការប្រកួតបានបញ្ចប់ និងជាពេលវេលាសម្រាករបស់កីឡាករ និងក្រុមការងារ។

ដោយឡែក លោក បែ មករា អ្នកចាត់ការទូទៅបឹងកេត បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះដែរថា ចំពោះការពិន័យរបស់គណៈកម្មការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺក្លឹបបឹងកេតបានទទួលយកនូវការពិន័យនេះ សម្រាប់ប្រាក់ពិន័យ១លានរៀល និងបម្រាបមិនឱ្យអ្នកគាំទ្រចូលទស្សនាការប្រកួតចំនួន១ប្រកួត នារដូវកាល ២០២១ ខាងមុខ។ លោកចាត់ទុកថា ការប៉ះទង្គិចរបស់ក្រុមអ្នកគាំទ្ររបស់ខ្លួន ដោយមានការរត់ចូលទីលានជាដើមនោះ គឺដោយសារតែក្តីស្រឡាញ់ក្នុងការគាំទ្រដល់ក្លឹបបាល់ទាត់រៀងៗខ្លួន។ ប៉ុន្តែ ទោះជាបែបនេះក្តី ក៏លោកមិនគាំទ្រដល់សកម្មភាពបែបនេះឡើយ ហើយនៅពេលខាងមុខក្លឹបនឹងរៀបចំការជួបជុំជាមួយក្រុមអ្នកគាំទ្រឈានមុខរបស់ក្លឹបបឹងកេត ដើម្បីពន្យល់ណែនាំបន្ថែម ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យក្រុមអ្នកគាំទ្រមានរបៀបរៀបរយកាន់តែល្អប្រសើរ ដើម្បីរួមចំណែកនៃការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជាកាន់តែរីកចម្រើន។ ជាមួយគ្នានោះ អ្នកចាត់ការទូទៅរូបនេះបានសង្កត់ធ្ងន់ថា ក្លឹបនឹងពង្រឹងខ្លួន ជាពិសេសលើបញ្ហា ក្រុមអ្នកគាំទ្រ ពេលប្រកួតក្នុងដីរបស់ខ្លួន ដើម្បីរក្សាសណ្តាប់ធ្នាប់កាន់តែល្អ ដែលការរងពិន័យនេះគឺជាបទពិសោធន៍ថ្មីមួយទៀត ដែលនឹងធ្វើឱ្យក្លឹបកាន់តែប្រុងប្រយ័ត្ន នាពេលខាងមុខ។

សូមបញ្ជាក់ថា ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន និងក្រុមភ្ញៀវ បឹងកេត ដែលជួបគ្នា១ប្រកួតចុងក្រោយបញ្ចប់រដូវកាល ២០២០ បានរក្សាលទ្ធផលស្មើគ្នា ១ទល់១ ដោយក្រុមបឹងកេតគ្រងម្ចាស់ជើងឯកលីគកំពូល រដូវកាល ២០២០នេះ ដោយឆ្លងកាត់១៧ប្រកួត ឈ្នះ១៣ប្រកួត ស្មើ២ប្រកួត មិនធ្លាប់ចាញ់ មាន៤១ពិន្ទុ ទទួលបានពានរង្វាន់១ អមដោយប្រាក់រង្វាន់១៥០លានរៀល ខណៈក្រុមរងជើងឯក ព្រះខ័នរាជស្វាយរៀង មាន៤១ពិន្ទុដែរ ខណៈក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមភ្នំពេញក្រោន ដែលមាន៣៣ពិន្ទុ៕

ដោយ ហេង ណាលីន