អ្នកជំនាញជប៉ុន៖ ជ័យជំនះរបស់លោក បៃដិន ជំរុញឱ្យប្រទេសចិនខិតទៅស្និទ្ធនឹងរុស្ស៊ី

AKP ភ្នំពេញថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីថ្ងៃពុធ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមូលនិធិសន្តិភាពសាសាកាវ៉ារបស់ប្រទេសជប៉ុន លោក Taisuke Abiru បានប្រាប់សារព័ត៌មាន TASS ថា ការទទួលបានជោគជ័យរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងជួយជំរុញការបង្កើនទំនាក់ទំនងយុទ្ធសាស្រ្តរវាងរុស្ស៊ី និងចិនបន្ថែមទៀត។

យោងតាមអ្នកជំនាញរូបនោះបានឱ្យដឹងថា «រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ស្លាកប្រទេសចិនជាគូប្រជែងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោន បាន និងកំពុងអនុវត្តយ៉ាងតឹងរឹងនូវគោលនយោបាយតឹងរឹងទៅលើប្រទេសចិន។ ខ្សែនេះទំនងជាមិនផ្លាស់ប្តូរទេនៅក្រោមរដ្ឋបាលរបស់លោក បៃដិន ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងនឹងឃើញការប្រជែងគ្នាជាយុទ្ធសាស្រ្តជាបន្តទៀតរវាងសហរដ្ឋអាមេរិក និងចិន»។

លោកបានកត់សម្គាល់ថា «និយាយម៉្យាងទៀត ចិននឹងនៅតែប្រឈមមុខនឹងស្ថានភាពតានតឹងក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលវានឹងជំរុញឱ្យចិនកាន់តែមានភាពជិតស្និទ្ធជាមួយរុស្ស៊ី។ ការទំនាក់ទំនងជាមួយរុស្ស៊ីនឹងកាន់តែមានសារៈសំខាន់ថែមទៀតសម្រាប់ទីក្រុងប៉េកាំង ក៏ដូចជាទំនាក់ទំនងរបស់រុស្ស៊ីជាមួយចិន ដែលនឹងនៅតែស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ និន្នាការនេះទំនងនឹងនៅតែបន្ត ក្រោមរដ្ឋបាលរបស់លោក បៃដិន។

អ្នកជំនាញជប៉ុនរូបនេះជឿជាក់ថា បច្ចុប្បន្ននេះ មិនមានចក្ខុវិស័យក្នុងការរារាំងបញ្ហាដែនដីរវាងទីក្រុងតូក្យូ និងទីក្រុងមូស្គូទេ។ លោកបានកត់សម្គាល់ថា «វាពិបាកណាស់ក្នុងការរំពឹងថានឹងមានការរីកចម្រើនខ្លាំងនៅទីនេះ។ ទោះជាយ៉ាងណា នៅពាក់កណ្តាលអាណត្តិ និងនៅក្នុងរយៈពេលវែងទៀត ប្រទេសជប៉ុននឹងព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី និងចុះហត្ថលេខាទៅលើសន្ធិសញ្ញាសន្តិភាពដោយផ្អែកលើដំណោះស្រាយចំពោះបញ្ហាដែនដីនេះ»។ យោងតាមអ្នកជំនាញរូបនេះបានឱ្យដឹងថា ជ័យជំនះរបស់លោក បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិក ទំនងជាមិនមានឥទ្ធិពលគួរឱ្យកត់សម្គាល់ទៅលើស្ថានភាពនេះទេ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)