ផ្សែងអ័ព្ទគ្របដំណ្តប់ទីក្រុងដេលី ខណៈដែលគុណភាពខ្យល់នៅតែបន្តចុះខ្សោយដែលអាចនឹងឈានដល់កម្រិតភាពអាសន្ន

AKP ភ្នំពេញថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០​ – ការបំពុលបរិយាកាសដ៏គួរឱ្យខ្លាចនៅទីក្រុងដេលីបានត្រឡប់មកវិញហើយ ជាមួយនឹងគុណភាពខ្យល់បានធ្លាក់ចុះនៅពេលដែលកសិករនៅក្នុងរដ្ឋជាប់នឹងប្រទេសឥណ្ឌាបានបន្តការដុតកាកសំណល់កសិកម្មក្នុងបរិមាណដ៏ច្រើន ចំពេលដែលសីតុណ្ហភាពមានការធ្លាក់ចុះ។

ប្រជាជនប្រមាណ ៣០លាននាក់នៅរដ្ឋធានីដេលីរបស់ប្រទេសឥណ្ឌា បានភ្ញាក់ពីព្រឹកព្រលឹមដែលផ្ទៃមេឃមានពណ៌ប្រផេះ ខណៈដែលមានផ្សែងអ័ព្ទក្រាស់ៗគ្របដណ្តប់នៅក្នុងទីក្រុងកាលពីថ្ងៃពុធ ដែលជិតឈានដល់កម្រិត «ភាពអាសន្ន» ។

យោងតាមសន្ទស្សន៍គុណភាពខ្យល់ (AQI) បានឱ្យដឹងថា កម្រិតនៃការបំពុលបានកើនឡើងដល់ «កម្រិតគ្រោះថ្នាក់» ហើយ ដែលជាកម្រិតមួយដែលអ្នកស្រុកអាចនឹងចាប់ផ្តើមជួបប្រទះបញ្ហាសុខភាពធ្ងន់ធ្ងរជាងមុន ដោយផ្អែកលើកម្រិតសញ្ញា ៥១៧ នៅក្នុងផ្នែកខ្លះនៃទីក្រុងដេលី និងតំបន់នានានៅជាប់គ្នានោះ។

វាជាថ្ងៃទី ៦ ជាប់ៗគ្នាហើយ ដែលទីក្រុងដេលីបានកត់ត្រានូវការបំពុលបរិយាកាសធ្ងន់ធ្ងរ។ កាលពីថ្ងៃអង្គារ ទីក្រុងនេះបានឈានដល់សញ្ញា »ភាពអាសន្ន» ដោយតំបន់ខ្លះត្រូវបានរាយការណ៍ពី AQI នូវកម្រិតខ្ពស់ដល់កម្រិតសញ្ញា ៧៣៥ ដែលជាចំនួនខ្ពស់បំផុតរហូតមកដល់ពេលនេះ។

ការមើលឃើញនៅលើអាកាសក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ ដោយសារតែផ្សែងអ័ព្ទក្រាស់និងសម្ពាធខ្យល់ទាប។

អ្នកស្រុកដែលមានការហួសចិត្តជាច្រើនបានប្រើបណ្តាញសង្គម Twitter ដើម្បីបង្ហាញអំពីសេណារីយ៉ូប្រចាំឆ្នាំដ៏គួរឱ្យខ្លាចនៅទីក្រុងដេលីមួយនេះ។ ផ្សែងអ័ព្ទនេះបានធ្វើឱ្យអ្នករស់នៅក្នុងទីក្រុងដេលីជាច្រើនមានអាការៈក្រហាយភ្នែក រមាស់-ក និងឈឺក្បាលជាញឹកញាប់។

រដ្ឋាភិបាលរដ្ឋទីក្រុងដេលី បាន និងកំពុងចាត់វិធានការជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិបំពុលបរិស្ថាននៅក្នុងទីក្រុងនេះ រួមមានការបើក «បន្ទប់សង្គ្រាមបៃតង» កម្មវិធីទូរស័ព្ទ »ទីក្រុងដេលីបៃតង» កម្មវិធីប្រឆាំងនឹងធូលីដី និងការដំឡើងកាំភ្លើងប្រឆាំងផ្សែងជាដើម៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)