ការបញ្ឈប់លោក Esper បានកំណត់នូវការលាលែងពីតំណែងបន្ថែមទៀតនៅក្រសួងការពារជាតិ អាម៉េរិក

AKP ភ្នំពេញថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០​ – មន្ទីរបញ្ចកោណបានប្រកាសអំពីការលាលែងពីតំណែងបន្ថែមទៀតនៅមួយថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបណ្តេញលោក Mark Esper ចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិអាម៉េរិក។

កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ឈប់ប្រធានមន្ទីរបញ្ចកោណ លោក Mark Esper និងបានប្រកាសថា លោក Miller នឹងធ្វើជារដ្ឋមន្រ្តីស្តីទីនៃក្រសួងការពារជាតិ។

សេចក្តីប្រកាសព័ត៌មាននេះបាននិយាយកាលពីថ្ងៃអង្គារថា «ថ្ងៃនេះ អនុរដ្ឋមន្រ្តីស្តីទីនៃក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយ លោកបណ្ឌិត James Anderson អនុរដ្ឋមន្រ្តីក្រសួងការពារជាតិសម្រាប់ការស៊ើបការណ៍សម្ងាត់ និងសន្តិសុខ លោក Joseph Kernan និងប្រធានបុគ្គលិកនៃក្រសួងការពារជាតិ លោក Jen Stewart បានដាក់លិខិតលាលែងពីតំណែង»។

កាលពីព្រឹកថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកបានរាយការណ៍ថា លោក Anderson បានសម្រេចចិត្តចុះចេញពីតំណែងដោយសារតែមានការខ្វែងគំនិតគ្នាជាមួយសេតវិមាន។

ការលាលែងពីតំណែងទាំងនេះបានកើតឡើងនៅមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានប្រកាសថា លោកបានបញ្ឈប់ លោក Esper ពីតំណែងប្រមុខការពារជាតិរបស់លោកហើយ បើទោះបីជាពេលមុននេះ មន្ទីរបញ្ចកោណបានបដិសេធការអះអាងអំពីលទ្ធភាពដែលអាចបង្ហាញពីការលាលែងរបស់ Esper ក៏ដោយ។

ប្រធានាធិបតីរូបនេះក៏ត្រូវបានគេរំពឹងថានឹងបណ្តេញនាយក FBI លោក Christopher Wray និងនាយក CIA លោក Gina Haspel ចេញពីតំណែងផងដែរ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)