ប្រទេសម៉ាឡេស៊ីកំណត់លក្ខខណ្ឌជាមុនសម្រាប់ការបន្តកិច្ចពិភាក្សាទៅលើកិច្ចព្រមព្រៀង TPP

AKP ភ្នំពេញថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០​ – រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី លោក Mohamed Azmin Ali បានប្រាប់ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី (Bernama) ថា រាល់ការបន្តកិច្ចពិភាក្សាទៅលើកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (PTT) នឹងស្ថិតក្នុងលក្ខខណ្ឌដែលវាបានត្រួសត្រាយផ្លូវសម្រាប់ «ពាណិជ្ជកម្មត្រឹមត្រូវ» និងវិស័យដែលមានលក្ខណៈស្មើភាពគ្នា។

លោករដ្ឋមន្រ្តី Azmin បានឆ្លើយតបទៅនឹងសំណួរអំពីវិធានការបន្ទាប់របស់ម៉ាឡេស៊ី ប្រសិនបើសហរដ្ឋអាមេរិកស្នើសុំបន្តកិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀង TPP ឡើងវិញបន្ទាប់ពីការរំពឹងទុករបស់លោក ចូ បៃដិន ក្នុងការឈ្នះទៅលើប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីអាមេរិកថា ប្រសិនបើមានសំណើដើម្បីស្តារឡើងវិញ ឬកែសម្រួលកិច្ចព្រមព្រៀង TPP បញ្ហាទាំងអស់នេះត្រូវយកមកពិចារណាដោយភាគីទាំងអស់ដែលមានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ។

យោងតាមលោករដ្ឋមន្រ្តីរូបនេះបានឱ្យដឹងថា សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងប្រទេសចំនួន ១០ ផ្សេងទៀត បានឈានដល់មានកិច្ចព្រមព្រៀង TPP ក្នុងអំឡុងពេលនៃអាណត្តដឹកនាំរបស់អតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា ដែលមានលោក ចូ បៃដិន ជាអនុប្រធានាធិបតីនៅពេលនោះ។ ទោះជាយ៉ាងណា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបដិសេធមិនផ្តល់សច្ចាប័ន និងទាញសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ភ្លាមៗបន្ទាប់ពីលោកចូលកាន់តំណែងកាលពីខែមករា ឆ្នាំ ២០១៧ ។

លោករដ្ឋមន្រ្តី Azmin ដែលជាទេសរដ្ឋមន្រ្តីផ្នែកសេដ្ឋកិច្ចផងដែរនោះបាននិយាយថា បញ្ហានេះត្រូវបានពិភាក្សាយ៉ាងក្តៅគគុកនៅចំណុចមួយចំនួននាពេលកន្លងមក ព្រោះមានបទប្បញ្ញត្តិមួយចំនួននៅក្នុងកិច្ចព្រមព្រៀងដែលត្រូវបានគេគិតថាមិនធានា ឬផ្តល់ការការពារដល់ឧស្សាហកម្មក្នុងស្រុក។

សព្វថ្ងៃនេះ រដ្ឋាភិបាលម៉ាឡេស៊ីប្រាកដជាចង់បានទីផ្សារធំជាងមុន ប៉ុន្តែវាក៏ចង់ការពារឧស្សាហកម្មក្នុងស្រុករបស់ប្រទេសនេះពីការរំលោភបំពានពីសំណាក់មហាអំណាចផងដែរ។ លោក Azmin បាននិយាយបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយដែលត្រូវបានចុះហត្ថលេខា ត្រូវតែពិនិត្យមើលកម្រិតនៃការអភិវឌ្ឍន៍របស់ប្រទេសមួយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)