ជប៉ុនត្រៀមខ្លួនរួចជាស្រេចដើម្បីជួយអាស៊ានក្នុងការកាត់បន្ថយការសាយភាយ

AKP ភ្នំពេញថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ទូរទស្សន៍ជាតិ NHK របស់ជប៉ុនបានផ្សាយថា នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide នឹងបង្ហាញពីឆន្ទៈរបស់ប្រទេសលោកក្នុងការផ្តល់ជំនួយដល់បណ្តាប្រទេសជាសមាជិកអាស៊ានដើម្បីកាត់បន្ថយការសាយភាយឧស្ម័ន នៅពេលដែលលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន – ជប៉ុនក្នុងពេលខាងមុខឆាប់ៗនេះ។

លោក Suga​​​​ ក៏ត្រូវបានគេរំពឹងថា នឹងពន្យល់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុនក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនរបស់ប្រទេសនេះឱ្យនៅត្រឹមសូន្យនៅក្នុងឆ្នាំ ២០៥០ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនោះបានឱ្យដឹងថា វិធានការណ៍ប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស គឺជាចំណុចអាទិភាពនៅក្នុងរបៀបវារៈរបស់មេដឹកនាំជប៉ុន និងសមាជិកអាស៊ានទាំង ១០ ។ អ្នកចូលរួមទាំងអស់នឹងបញ្ជាក់អំពីការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រប់គ្រងជំងឺឆ្លង ហើយប្រទេសជប៉ុនបានសន្យាធ្វើវិភាគទានហិរញ្ញវត្ថុដល់ផែនការនេះ។

លោក Suga នឹងចូលរួមកិច្ចប្រជុំផ្សេងៗទៀត ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលនៅក្នុងកិច្ចប្រជុំនេះ លោកត្រូវបានគេរំពឹងថានឹងអំពាវនាវឱ្យមានសាមគ្គីភាពទៅលើបញ្ហាសន្តិសុខដែនសមុទ្រដើម្បីធានាឱ្យបាននូវសេរីភាពសម្រាប់តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ។ លោកក៏សង្ឃឹមផងដែរថា នឹងមានការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ក្រោមប្រធានបទ «អាស៊ានប្រកបដោយភាពស្អិតរមួត និងការឆ្លើយតប» និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញនៅថ្ងៃទី ១២-១៥ ខែវិច្ឆិកា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)