ហ្វីលីពីនជម្លៀសប្រជាជនរាប់ពាន់នាក់ ខណៈដែលព្យុះ Vamco ខិតជិតមកដល់

AKP ភ្នំពេញថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០​ – កាលពីថ្ងៃទី ១១ ខែវិច្ឆិកា អាជ្ញាធរហ្វីលីពីនបានបញ្ជាឱ្យប្រជាជនរាប់ពាន់នាក់នៅតំបន់ឆ្នេរភាគខាងកើតជម្លៀសខ្លួនចេញពីព្យុះ Vamco ដោយបានព្យាករណ៍ថានឹងធ្វើឱ្យមានការបាក់ដីនៅក្នុងតំបន់នានា ក្នុងរយៈពេលជិតពីរសប្តាហ៍បន្ទាប់ពីព្យុះ Goni បានវាយប្រហារប្រទេសនេះ។

ព្យុះ Vamco ដែលមានកម្លាំងខ្យល់ ១២៥គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសន្ទុះរហូតដល់ ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង គឺជាព្យុះត្រូពិកទី ២១ ដែលវាយប្រហារប្រទេសហ្វីលីពីននៅក្នុងឆ្នាំនេះ។

លោក Joseph Cua អភិបាលខេត្ត Catanduanes បាននិយាយថា «យើងទើបតែទទួលបាន ១ភាគរយប៉ុណ្ណោះក្នុងការស្តារឡើងវិញរបស់យើង ហើយពេលនេះមានព្យុះទីហ្វុងមួយទៀតបានមកទៀតហើយ។ យើងកំពុងមានអារម្មណ៍ថាមានខ្យល់ និងភ្លៀងធ្លាក់ខ្លាំង»។

ខេត្តកោះ Catanduanes និងខេត្ត Albay នៅក្បែរនោះ ដែលខេត្តទាំងពីរស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល បានរងការវាយប្រហារដោយព្យុះទីហ្វុង Goni ដែលបានសម្លាប់មនុស្សចំនួន ២៥នាក់ និងធ្វើឱ្យមនុស្ស ៦នាក់បាត់ខ្លួនកាលពីចុងខែតុលា។

ព្យុះ Vamco បានធ្វើឱ្យមានការបាក់ដីនៅកោះ Polilio កាលពីល្ងាចថ្ងៃទី ១១ ខែវិច្ឆិកា និងវាយប្រហារខេត្តដែលផលិតស្រូវនៅភាគខាងជើងនៃរដ្ឋធានីមុនពេលចាកចេញពីកោះលូហ្សុនរបស់ហ្វីលីពីននៅថ្ងៃបន្ទាប់។

បន្ទាប់ពីវាយលុកហ្វីលីពីនរួច ព្យុះ Vamco ត្រូវបានគេព្យាករណ៍ថានឹងឆ្ពោះទៅប្រទេសវៀតណាម។ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសវៀតណាមបានរំពឹងថា ព្យុះ Vamco នឹងមកដល់តំបន់ភាគកណ្តាលរបស់ខ្លួននៅថ្ងៃទី ១៤ ឬទី ១៥ ខែវិច្ឆិកា ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)