អាស៊ានសម្រេចផែនការដែលបានកំណត់ទាំងអស់នៅក្នុងឆ្នាំ ២០២០ ខណៈដែលប្រទេសវៀតណាមជាប្រធាន

AKP ភ្នំពេញថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០​ – យោងតាមការលើកឡើងរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក Thongphan Savanphet បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ អាស៊ានបានបំពេញនូវរាល់គោលដៅ គំនិតផ្តួចផ្តើម និងអាទិភាពទាំងអស់ បើទោះបីជាបានប្រឈមនឹងបញ្ហាធំៗជាច្រើនដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ។

លោក Thongphan Savanphet ដែលជាប្រធាន ASEAN SOM របស់ប្រទេសឡាវ បានធ្វើការកត់សម្គាល់ដូនេះនៅពេលផ្តល់បទសម្ភាសន៍មួយដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងវៀងច័ន្ទន៍មុនពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងនៅថ្ងៃទី ១២-១៥ ខែវិច្ឆិកា។

ដោយអបអរសាទរប្រទេសវៀតណាមចំពោះជោគជ័យ និងលទ្ធផលដែលខ្លួនបានធ្វើក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ លោកបាននិយាយថា មុនពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ អាស៊ានបានដាក់ចេញនូវអាទិភាពមួយចំនួន រួមមានការវាយតម្លៃប្លង់មេនៃសសរស្តម្ភទាំង ៣ កិច្ចពិភាក្សាអំពីចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ ឬការផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវបញ្ហាផ្សេងៗទៀតដើម្បីបង្កើនភាពស្អិតរមួតបន្ថែមទៀតសម្រាប់ការអភិវឌ្ឍ និងបង្រួមគម្លាតអភិវឌ្ឍន៍រវាងប្រទេសជាសមាជិកអាស៊ាន។

លោកបាននិយាយបន្ថែមថា អាស៊ានបានបន្តជំរុញសកម្មភាពដើម្បីលើកកម្ពស់អត្តសញ្ញាណរបស់ប្លុកនេះ ដូចជាការប្រើប្រាស់ទង់អាស៊ាននៅការិយាល័យនៃប្រទេសជាសមាជិក ឬការប្រើប្រាស់បទចំរៀងអាស៊ានជាដើម។

បន្ទាប់ពីជំងឺកូវីដ-១៩ បានផ្ទុះឡើង អាស៊ានបានចាប់ផ្តើមគំនិតផ្តួចផ្តើមជាច្រើន ដូចជាការបង្កើតមូលនិធិឆ្លើយតបអាស៊ានចំពោះជំងឺកូវីដ-១៩ និងទុនបម្រុងវេជ្ជសាស្ត្រក្នុងតំបន់អាស៊ាន។

លើសពីនេះទៀត បណ្តាប្រទេសនៅអាស៊ានបានពិភាក្សាគ្នាអំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ឬបើក «ផ្លូវបៃតងពិសេស» សម្រាប់វិស័យទេសចរណ៍ ទន្ទឹមនឹងមានការផ្លាស់ប្តូរជាមួយប្រទេសជប៉ុនស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ជំងឺដែលកំពុងលេចឡើង និងភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ។ ពួកគេក៏បានពិភាក្សា និងប្រកាសឯកសារផ្សេងៗទៀតដែលបានគ្រោងទុកក្នុងអំឡុងពេលនោះផងដែរ។

យោងតាមលោក Thongphan Savanphet បានឱ្យដឹងថា ឯកសារជាង ៨០ ត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័ត ទទួលស្គាល់ និងប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ។ នេះគឺជាចំនួនឯកសារច្រើនបំផុតដែលមិនធ្លាប់មានដែលត្រូវបានចេញផ្សាយ ដែលជាការបង្ហាញថា បើទោះបីជាកំពុងប្រឈមមុខនឹងបញ្ហាធំៗនៅក្នុងឆ្នាំ ២០២០ ក៏ដោយ ក៏ក្រោមការដឹកនាំជាប្រធានអាស៊ានរបស់ប្រទេសវៀតណាម រាល់ផែនការ និងគំនិតផ្តួចផ្តើមដែលអាស៊ានបានដាក់ចេញត្រូវបានបញ្ចប់ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)