អភិបាលរង​ខេត្ត ចូលរួម​វេទិកា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​នៅ ស្រុក​កោះធំ​

AKP កណ្តាល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ដែល​ប្រព្រឹត្តទៅ​នៅក្នុង​ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល នា​ថ្ងៃ​១០​រោច ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្តកណ្ដាល និង ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​អប់រំ​កូនចៅ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត កុំឱ្យ​ចាញ់បោក​កលល្បិច​ជនខិលខូច​មួយចំនួន ក្នុង​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន និង​ខុសច្បាប់ ។​

​លោកជំទាវ​បានបញ្ជាក់​ទៀតថា បច្ចុប្បន្ននេះ​ជនល្មើស​កាន់តែ​មាន​ល្បិចកល​ខ្ពស់ ហើយ​រូបភាព​នៃ​អំពើ​ជួញដូរ​មនុស្ស មិន​ត្រឹមតែ​ជាការ​ជួញដូរ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ផ្លូវភេទ​តែប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មាន​ជួញដូរ​សិរី​រា​ង្គ បទល្មើស​រត់ពន្ធ ជួញដូរ​ទារក​ឆ្លងដែន ជាពិសេស គឺ​កា​រពរ​ពោះ​ជំនួស ដែល​អំពើ​នេះ​គឺជា​រឿង​ដែល​អមនុស្សធម៌​បំផុត ហើយ​បញ្ហា​ទាំងនេះ​គឺ​តម្រូវឱ្យ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវតែ​ដាក់​វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​បង្ក្រាប​ឱ្យបាន​ទាន់ពេលវេលា​។
​ ​
​ក្នុងឱកាស​នោះដែរ លោកជំទាវ​អភិបាលរង​ខេត្ត បានធ្វើការ​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី​ទាំងអស់​ថា ការធ្វើ​ចំណាកស្រុក​ឆ្លងដែន​ដោយ​គ្មាន​ឯកសារ​ផ្លូវច្បាប់​ត្រឹមត្រូវ បានធ្វើឱ្យ​ពលករ​ទាំងនោះ ត្រូវបាន​ទទួលរង​ការកេងប្រវ័ញ្ច​គ្រប់​រូបភាព ដូចជា​ទទួលរង​គ្រោះ​ដោយ​ការចាប់​ឃាត់ខ្លួន​ដាក់ពន្ធនាគារ ការផាកពិន័យ ការចាប់​បញ្ជូន​ត្រឡប់ មកវិញ ការមិន​ផ្ដល់​ប្រាក់កម្រៃ​ពលកម្ម​ពេញលេញ ការបញ្ជូន​បន្តទៅ​ធ្វើកា​រ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឬ​នៅ​ឆ្ងាយ​ដែល​មិនអាច​ទំនាក់ទំនង​ទៅ​គ្រួ​សារបាន មានការ​ដកហូត​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ការធ្វើ​ទារុណកម្ម​រហូត​បាត់បង់​ជីវិត​ក៏មាន​។​

​លោកជំទាវ បានធ្វើ​ពន្យល់​បន្តថា ដើម្បី​ធ្វើការ​នៅក្រៅ​ប្រទេស​ដោយ​ស្របច្បាប់ គឺ​ពលករ ពលការ​នី​ត្រូ វ​មាន​អាយុ​ចាប់ពី​១៨ ឆ្នាំ​ឡើងទៅ ហើយ​ត្រូវ​ទៅ​ជួប​ជាមួយ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​ពាក់ព័ន្ធ ពីព្រោះ​កន្លែង​នោះ​អាចជួយ​អ្នករក​ការងារ និង​អាចជួយ​ចុះឈ្មោះ​អ្នកជា​មួយក្រុម​ហ៊ុន​ជ្រើសរើស​ពលករ​ដែល​ស្របច្បាប់ ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវមាន​លិខិតឆ្លងដែន និង​មាន​ឯកសារ​ពាក់ព័ន្ធ​នានា​ផងដែរ​៕ ដោយ​៖ ណ​យ នឿន ប្រភព​៖​រដ្ឋបាល​ខេត្តកណ្តាល សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​