ការជំរុញរបស់លោក ត្រាំ សម្រាប់ការរាប់សន្លឹកឆ្នោតឡើងវិញនៅតែបន្ត បើទោះបីជាមានការអំពាវនាវឱ្យមានការផ្ទេរអំណាចក៏ដោយ

AKP ភ្នំពេញថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០​ — ការបោះឆ្នោតនៅសហរដ្ឋអាមេរិកដ៏គួរឱ្យកត់សម្គាល់ត្រូវបានមើលឃើញនូវរបត់មួយកាលពីថ្ងៃសៅរ៍ នៅពេលដែលអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ត្រូវបានព្យាករដោយបណ្តាញសារព័ត៌មានធំៗទាំងអស់របស់សហរដ្ឋអាមេរិកថានឹងធ្វើឈ្នះតំណែងជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា លទ្ធផលនេះត្រូវបានលោក ដូណាល់ ត្រាំ ច្រានចោល ដែលមានបំណងធ្វើសកម្មភាពស្របច្បាប់ជាមួយតុលាការកំពូលដោយអះអាងថា ការប្រកួតប្រជែងនេះនៅមិនទាន់ចប់នៅឡើយទេ។

លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើការប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋសំខាន់ៗមួយចំនួនក្នុងការជំរុញដើម្បីបន្តការតស៊ូឱ្យធ្វើការរាប់សំន្លឹកឆ្នោតឡើងវិញ ដោយបដិសេធមិនទទួលស្គាល់ការបរាជ័យនៅក្នុងការបោះឆ្នោតនេះ។

ដោយដកស្រង់សម្តីទីប្រឹក្សាប្រធានាធិបតី សារព័ត៌មាន Axios បានរាយការណ៍ថា ប្រធានាធិបតីដែលកំពុងកាន់អំណាចនេះមានបំណងបង្កើតក្រុមរាប់សន្លឹកឆ្នោតពិសេសនៅក្នុងរដ្ឋ Georgia រដ្ឋ Arizona និងរដ្ឋ Pennsylvania។

យោងតាមលិខិតមួយដែលទទួលបានដោយគេហទំព័រសារព័ត៌មាន Politico បានឱ្យដឹងថា ជាមួយគ្នានេះដែរ រដ្ឋបាលសេវាកម្មទូទៅបានអំពាវនាវដល់ប្រធានដែលត្រូវបានតែងតាំងដោយលោក ត្រាំ គឺលោកស្រី Emily Murphy ឱ្យចាប់ផ្តើមនីតិវិធីជាផ្លូវការសម្រាប់ការផ្ទេរអំណាចពីលោក ត្រាំ ទៅលោក ចូ បៃដិន ។

លោកប្រធានាធិបតី ត្រាំ មិនទាន់ទទួលស្គាល់ការបរាជ័យនៅក្នុងការបោះឆ្នោតនេះនៅឡើយទេ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយល្បីៗរបស់សហរដ្ឋអាមេរិក បានផ្សព្វផ្សាយនូវការឈ្នះរបស់លោក បៃដិន រួចហើយក៏ដោយ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោក បៃដិន បានថ្លែងសុន្ទរកថាអំពីជ័យជំនះនេះជូនប្រទេសជាតិរួចទៅហើយ រួមជាមួយមិត្តរួមដំណើររបស់លោក គឺលោកស្រី Kamala Harris និងកំពុងរៀបចំផែនការសម្រាប់តំណែងប្រធានាធិបតីរបស់លោក ដែលយោងទៅតាមរបាយការណ៍បានឱ្យដឹងថា ផែនការនេះនឹងរាប់បញ្ចូលនូវការលុបចោលបទបញ្ជាមួយចំនួនរបស់លោក ត្រាំ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលបួនឆ្នាំនៃការកាន់អំណាចរបស់លោកផងដែរ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)