លោក ត្រាំ គ្រោងនឹងប្រមូលផ្តុំគ្នាដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗ

AKP ភ្នំពេញថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០​ – សារព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់សំដីរបស់ទីប្រឹក្សាប្រធានាធិបតីដែលបាននិយាយថា ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើយុទ្ធនាការប្រមូលផ្តុំគ្នាជាច្រើនក្នុងគោលបំណងដើម្បីបន្តការតស៊ូប្រឆាំងឱ្យធ្វើការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន បន្ទាប់ពីការរំពឹងទុករបស់លោក ចូ បៃដិន ក្នុងការទទួលបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានឱ្យដឹងថា លោក ត្រាំ មានបំណងចង់ប្រកាសបង្កើតក្រុមរាប់សន្លឹកឆ្នោតពិសេសនៅក្នុងរដ្ឋ Georgia រដ្ឋ Arizona និងរដ្ឋ Pennsylvania ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនេះបានកត់សំគាល់ថា ក្នុងអំឡុងពេលនៃការប្រមូលផ្តុំទាំងនេះ ក្រុមទាំងអស់នឹងបង្ហាញអំពីភស្តុតាងនៃមរណភាពរបស់ពលរដ្ឋមួយចំនួនដែលដែលត្រូវបានគេនិយាយថាបានទៅបោះឆ្នោតដែរនោះ ប៉ុន្តែការពិតពួកគេបានស្លាប់បាត់ទៅហើយ។ ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកកាលពីមុនបានរាយការណ៍ថា មានករណីជាច្រើនដែលឈ្មោះអ្នកដែលបានស្លាប់មាននៅក្នុងការបោះឆ្នោត។

ខណៈដែលលទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ ២០២០ មិនទាន់ចេញនៅឡើយបណ្តាមេដឹកនាំនានានៅលើពិភពលោក និងអ្នកនយោបាយមួយចំនួន បានអបអរសាទរលោក ចូ បៃដិន រួចទៅហើយ ដែលកាលពីថ្ងៃសៅរ៍ លោកបានថ្លែងសុន្ទរកថាទៅកាន់ប្រទេសទាំងមូល រួមជាមួយមិត្តរួមការងាររបស់លោក គឺលោកស្រី Kamala Harris ដោយបានអះអាងថា ពួកគេបានឈ្នះការប្រជែងតំណែងប្រធានាធិបតីនេះហើយ។

ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់សហរដ្ឋអាមេរិកទាំងអស់បានប្រកាសថា អ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីនេះ គឺលោក បៃដិន Biden ។

លោក ត្រាំ បានអះអាងថា ការប្រជែងនេះនៅមិនទាន់ចប់នៅឡើយទេ ហើយលោកបាននិយាយថា ការបោះឆ្នោតគឺមានការក្លែងបន្លំ ហើយយុទ្ធនាការរបស់លោកនឹងចាប់ផ្តើមអះអាងពីការទាមទាររបស់ខ្លួនដើម្បីទទួលបានជ័យជម្នះនៅក្នុងតុលាការ។

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)