លោក ចូ បៃដិន គ្រោងចេញបទបញ្ជាឱ្យពាក់របាំងបិទមុខនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩

AKP ភ្នំពេញថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០​ — ទីប្រឹក្សាជាន់ខ្ពស់របស់លោក ចូ បៃដិន បានប្រាប់សារព័ត៌មាន NBC News ថា លោក ចូ បៃដិន ដែលនឹងត្រូវប្រកាសជាប្រធានាធិបតីជាប់ឆ្នោតដោយប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា លោកគ្រោងនឹងអំពាវនាវដល់អភិបាលរដ្ឋនានាឱ្យចេញបទបញ្ជាណែនាំដល់ពលរដ្ឋឱ្យពាក់របាំងបិទមុខជាចាំបាច់ ក្នុងគោលបំណងជំរុញកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

ទីប្រឹក្សាយុទ្ធនាការរូបនេះបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា «ប្រសិនបើអភិបាលរដ្ឋណាម្នាក់បដិសេធ លោកនឹងទៅជួបអភិបាលក្រុងនានានៅក្នុងរដ្ឋនោះ ហើយសុំឱ្យពួកគេដឹកនាំអនុវត្តបទបញ្ជានេះ»។

បច្ចុប្បន្ននេះ មានរដ្ឋជាង ៣០ របស់សហរដ្ឋអាមេរិកដែលមានបទបញ្ជាឱ្យពាក់របាំងបិទមុខដែលនៅជាធរមាន ដែលតម្រូវឲ្យបុគ្គលម្នាក់ៗពាក់របាំងបិទមុខសុវត្ថិភាពនៅទីសាធារណៈ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺបានផ្តល់អនុសាសន៍ឱ្យពាក់របាំងបិទមុខនៅទីសាធារណៈ ជាពិសេសនៅពេលដែលវិធានការរក្សាគម្លាតសង្គមមិនអាចធ្វើទៅបាន។

ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក បៃដិន បានសន្យាថា នឹងដោះស្រាយការរាតត្បាតដែលកំពុងកើតដោយប្រើវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រ ហើយបច្ចុប្បន្ននេះ ក្រុមការងារថ្មីមួយកំពុងត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួលការឆ្លើយតបរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការឡើងកាន់តំណែងដ៏មានសក្តានុពលរបស់លោក។

យោងតាមមជ្ឈមណ្ឌលធនធានមនុស្សនៃសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះមក ករណីឆ្លងជាង ៩,៩លាននាក់ត្រូវបានចុះបញ្ជីនៅក្នុងសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ២៣៧.៥០០នាក់។

ការកើនឡើងនាពេលថ្មីៗនេះត្រូវបានគេមើលឃើញថា ចំនួននៃការធ្វើតេស្តវិជ្ជមានថ្មីដែលត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ មានចំនួនលើសពី ១០០.០០០ករណី ចាប់តាំងពីថ្ងៃពុធមក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)