ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក ចូ បៃដិន គ្មានការគំរាមកំហែងដល់ការលក់យន្តហោះចម្បាំង F-35 និងប្រព័ន្ធការពារដែនអាកាស Patriot ទៅឱ្យប៉ូឡូញទេ

AKP ភ្នំពេញថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០​ — កាលពីថ្ងៃចន្ទ លោក Michal Dworczyk ប្រធានអធិការបតីនៃនាយករដ្ឋមន្រ្តីប៉ូឡូញ បានប្រាប់វិទ្យុប៉ូឡូញថា ការទទួលជ័យជម្នះតាមការគ្រោងទុករបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនឹងមិនប៉ះពាល់ដល់កិច្ចសន្យាសម្រាប់ផ្គត់ផ្គង់យន្តហោះចម្បាំងប្រភេទ F-35 និងប្រព័ន្ធការពារអាកាស Patriot ដល់ប្រទេសប៉ូឡូញនោះទេ ព្រោះកិច្ចព្រមព្រៀងការពារជាតិនេះមានផលប្រយោជន៍ទៅវិញទៅមក។

លោក Dworczyk បាននិយាយថា «យើងជាដៃគូដែលអាចទុកចិត្តបានរបស់សហរដ្ឋអាមេរិក។ ប្រតិបត្តិការទាំងនេះផ្តល់អត្ថប្រយោជន៍ដល់ភាគីទាំងសងខាង។ ទន្ទឹមនឹងប្រទេសប៉ូឡូញនឹងពង្រឹងសក្តានុពលផ្នែកការពារជាតិរបស់ខ្លួន កិច្ចសន្យានេះក៏នឹងផ្តល់ផលប្រយោជន៍ដល់វិស័យអាជីវកម្ម និងវិស័យការពារជាតិរបស់សហរដ្ឋអាមេរិកដែរ»។

លោក Dworczyk បានសង្កត់ធ្ងន់ថា «លោកពិតជាមានភាពប្រាកដប្រជាថា ការផ្លាស់ប្តូរតំណែងប្រធានាធិបតីអាម៉េរិកនឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការការពារជាតិនេះទេ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងរឹតតែរឹងមាំថែមទៀត»។

បន្ទាប់ពីមានការប្រជែងគ្នាយ៉ាងតឹងរឹងនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ត្រូវបានគេព្យាករថានឹងទទួលបានសម្លេងឆ្នោតជាង ២៧០ ដែលជាចំនួនតម្រូវការសម្រាប់លោកដើម្បីទទួលយកសេតវិមាន។ ប្រធានាធិបតីបច្ចុប្បន្ន លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា ការបោះឆ្នោតនៅមិនទាន់បញ្ចប់នៅឡើយទេ ហើយលោកនឹងប្តឹងជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតនេះទៅតុលាការ។

ប្រទេសប៉ូឡូញបានចុះកិច្ចសន្យាជាមួយសហរដ្ឋអាមេរិកដើម្បីទិញប្រព័ន្ធការពារដែនអាកាស Patriot កាលពីឆ្នាំ ២០១៨ ហើយវាត្រូវបានរំពឹងទុកថានឹងទទួលបានអាវុធនេះនៅចុងឆ្នាំ ២០២២ ។ កាលពីខែមករា ប្រទេសប៉ូឡូញក៏បានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៤,៦ប៊ីលានដុល្លារអាម៉េរិកដើម្បីទិញយន្តហោះចម្បាំងប្រភេទ F-35 ផលិតនៅអាម៉េរិកចំនួន ៣២គ្រឿង ដែលគ្រោងនឹងបញ្ជូនទៅប្រទេសប៉ូឡូញជាបណ្តើរៗ រហូតដល់ឆ្នាំ ២០៣០ ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)