ប្រទេសថៃត្រៀមចុះកិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀង RCEP នៅពាក់កណ្តាលខែវិច្ឆិកានេះ

AKP ភ្នំពេញថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០​ – រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit នឹងធ្វើជាតំណាងឱ្យប្រទេសថៃក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នៅពាក់កណ្តាលខែនេះ។

យោងតាមកាលបរិច្ឆេទបានឱ្យដឹងថា កិច្ចប្រជុំកំពូល RCEP នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលទៀងទាត់តាមប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានចាប់ពីថ្ងៃទី ១២-១៥ ខែវិច្ឆិកា។

កិច្ចព្រមព្រៀង RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលស្នើដោយរដ្ឋជាសមាជិកអាស៊ានចំនួន ១០ និងប្រទេសដៃគូសន្ទនាចំនួន ៦ គឺចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់។

កិច្ចចរចាស្តីពី កិច្ចព្រមព្រៀង RCEP បានចាប់ផ្តើមកាលពីចុងឆ្នាំ ២០១២ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នៅរាជធានីភ្នំពេញ។

សេចក្តីថ្លែងការណ៍ពីកិច្ចព្រមព្រៀង RCEP បាននិយាយថា ប្រទេសចំនួន ១៥ ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះបានបញ្ចប់កិច្ចចរចាអត្ថបទផ្អែកទៅលើអត្ថបទដែលមានចំនួន ២០ជំពូក និងបញ្ហាចូលទៅកាន់ទីផ្សាររួចហើយ។ ដោយមាន ឬគ្មានភាគីឥណ្ឌា កិច្ចព្រមព្រៀង RCEP ត្រូវបានកំណត់ពេលសម្រាប់ការចុះហត្ថលេខាជាផ្លូវការនៅក្នុងឆ្នាំនេះ ដែលនឹងចូលជាធរមាននៅក្នុងឆ្នាំ ២០២១ ឬខែមករា ឆ្នាំ ២០២២ ។

កាលពីឆ្នាំ ២០១៩ ចំនួនប្រជាជននៃសមាជិកកិច្ចព្រមព្រៀង RCEP បានឡើងដល់ ៣,៦ប៊ីលាននាក់ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ដែលមានតម្លៃជាង ២៨,៥ទ្រីលានដុល្លារអាម៉េរិក ដែលស្មើនឹង ៣២,៧ភាគរយនៃ GDP របស់ពិភពលោក។ ទំហំពាណិជ្ជកម្មរបស់សមាជិកមានចំនួន ១១,២ទ្រីលានដុល្លារអាម៉េរិក ឬស្មើនឹង ២៩,៥ភាគរយនៃពាណិជ្ជកម្មពិភពលោក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)