កិច្ចប្រជុំត្រៀមរបស់មន្ត្រីជាន់ខ្ពស់អាស៊ានធ្វើឡើងតាមប្រព័ន្ធអនឡាញ

AKP ភ្នំពេញថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ៩ ខែវិច្ឆិកា កិច្ចប្រជុំត្រៀមរបស់មន្ត្រីជាន់ខ្ពស់អាស៊ានត្រូវបានធ្វើឡើងតាមរយៈសន្និសីទវីដេអូ។

យោងតាមរបៀបវារៈ កិច្ចប្រជុំជាច្រើនត្រូវបានគ្រោងធ្វើនៅថ្ងៃដដែលនោះ ដូចជាកិច្ចប្រជុំលើកទី ៥ នៃក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពីភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ កិច្ចប្រជុំត្រៀមរៀបចំរបស់គណៈកម្មាធិការចរចាពាណិជ្ជកម្ម RCEP និងកិច្ចប្រជុំត្រៀមនៃកិច្ចប្រជុំមន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន។

សន្និសីទជាច្រើននឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែវិច្ឆិកានេះ រួមមានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សានយោបាយ-សន្តិសុខអាស៊ានលើកទី ២២ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៨ កិច្ចប្រជុំត្រៀមសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ១៩ និងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់បើកកិច្ចពិភាក្សាបញ្ចប់ជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មស្វ៊ីស។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២-១៥ ខែវិច្ឆិកា តាមរយៈសន្និសីទវីដេអូ។

ទាំងនេះ គឺជាកិច្ចប្រជុំដ៏សំខាន់បំផុតក្នុងឱកាសធ្វើជាប្រធានអាស៊ានរបស់វៀតណាម និងការរួមបញ្ចូលនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ កិច្ចប្រជុំកំពូលអាស៊ានបូក ១ ជាមួយចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងអង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន – នូវែលសេឡង់ដើម្បីរំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងកិច្ចសន្ទនា កិច្ចប្រជុំកំពូលអាស៊ានបូក ៣ លើកទី ២៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៥ ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍ទាំងនេះ។

លោកនាយករដ្ឋមន្រ្តី Phuc និងមេដឹកនាំអាស៊ាន ព្រមទាំងប្រទេសដៃគូសន្ទនាទាំងអស់នឹងពិភាក្សាគ្នាអំពីវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ការធ្វើការងារដើម្បីបំពេញនូវអាទិភាព និងគំនិតផ្តួចផ្តើមនានានៅក្នុងឆ្នាំ ២០២០ និងលើកកម្ពស់ទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាការផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាក្នុងតំបន់ និងក្នុងពិភពលោកផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)